(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការបានថ្លែងនៅថ្ងៃទី៤ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក វិស័យពិការភាពជាវិស័យអាទិភាព នៅក្នុងវិស័យអាទិភាពធំៗដទៃទៀត ដោយបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ អំពីការអនុវត្ត គោលនយោបានពិការភាព តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹងការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ ការជំរុញកិច្ចការពារនិងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្រប តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជន ពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាមូនិធិជនពិការ។
ការថ្លែងរបស់លោក វង សូត យ៉ាងដូច្នេះធ្វើឡើង ក្នុងពិធីអបអរសាទរ ទិវាអូទីស្សឹម និងដោនសាំងដ្រូម អន្តរជាតិឆ្នាំ ២០១៦ ក្រោមប្រធានបទ «ការអប់រំក្នុង និងក្រៅប្រព័ន្ធធានាភាពជាម្ចាស់ការ របស់ជនពិការខ្សោយសតិបញ្ញា» ដែលបានរៀបចំនៅសាលាគរុកោសល្យភូមិភាគ ប៊ុន រ៉ានី ហ៊ុនសែន តាខ្មៅ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ។
លោក វង សូត បានបន្តទៀតថា សុខមាលភាពរបស់ជនពិការ ត្រូវបានយកចិត្តទុកដាក់ពី គ្រប់មជ្ឈដ្ឋាន ជនពិការត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសឲ្យចូលបម្រើការងារនៅតាម ក្រសួងស្ថាប័នរដ្ឋចំនួន៤០។
លោក វង សូត បានផ្តល់ជាអនុសាសន៍ ឲ្យអង្គភាពពាក់ព័ន្ធត្រូវបន្ត ជំរុញការអនុវត្ដអនុសញ្ញា អន្តរជាតិនានាដែលកម្ពុជា បានផ្តល់សច្ចាប័នរួច ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងបន្តជំរុញ ការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានា ដើម្បីប្រែក្លាយពីឯកសារ ដែលមានលើក្រដាសឲ្យ ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ជួយជនពិការ និង បន្តជំរុញរៀបចំកសាងធនធាមនុស្ស ជាពិសេសគ្រូបង្រៀនសាស្ត្រចារ្យ ឲ្យមានសមត្ថភាពក្នុងការបណ្តុះបណ្តាល ជនខ្សោយសតិបញ្ញា តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឲ្យបងប្អូនខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នាក្នុងវិស័យអប់រំ។
លោក វង សូត បានថ្លែងទៀតថា ក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត មានភារកិច្ចជួយសម្របសម្រួលផ្តល់យោបល់ និងបញ្ជ្រៀបផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ ចូលក្នុងផែនការសកម្មភាពរបស់សាមីក្រសួង និងអនុវត្តផែនការនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្តជំរុញក្រសួងស្ថាប័ន និងផ្នែកឯកជន ឲ្យទទួលជនពិការចូលបម្រើការងារ តាមអត្រាកំណត់ដូចមានចែង ក្នុងអនុក្រឹត្យស្តីពីការជ្រើសរើសជនពិការ ចូលបម្រើការងារ ដែលមាន២% សម្រាប់ស្ថាប័នសាធារណៈ និង១% សម្រាប់ផ្នែកឯកជន។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឲ្យដឹងថា ឆ្នាំ២០១៦ ទិវាអូទីស្សឹមនិងដោនសាំងដ្រូម ត្រូវបានរៀបចំឡើងនៅកម្ពុជាជាលើកទី៣ ក្នុងគោលបំណង លើកកម្ពស់ការអប់រំ ទាំងក្នុងនិងក្រៅប្រព័ន្ធ ដើម្បីប្រាកដថាជនខ្សោយសតិបញ្ញា អូទីស្សឹម និងដោនសាំងដ្រូម ទទួលបានការលើកទឹកចិត្ត ពីសហគមន៍និងគ្រួសារ ពិសេសគ្រូដែល មានជំនាញផ្នែកខ្សោយសតិបញ្ញា ព្រោះជនពិការប្រភេទនេះ មិនអាចព្យាបាលក្នុងរយៈខ្លីបានឡើយ ចាំបាច់ត្រូវប្រើរយៈពេលថែរក្សា និងព្យាបាលរយៈពេលវែង។ ប៉ុន្តែអ្វីដែលសំខាន់ គឺជនពិការខ្សោយសតិបញ្ញា និងដោនសាំងដ្រូម គួរត្រូវបានបញ្ជូនឲ្យទៅសាលារៀនដូចកុមារ ដទៃទៀត។
លោក ឯម ច័ន្ទមករា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ពិសេសលោកគ្រូ អ្នកគ្រូ សូមបន្តការគាំទ្រនិងលើកទឹកចិត្តដល់ ជនខ្សោយសតិបញ្ញា និងដោនសាំងដ្រូម ទាំងអស់ដើម្បីធានាអំពីភាពជាម្ចាស់ការ របស់ពួកគេ ក្នុងការប្រាស្រ័យទាក់ទង ការលំហែរ-កំសាន្ត ការអប់រំ ពិសេស ការស្វែងរកការងារធ្វើ ដែលសមស្របតាមសមត្ថភាព និងជំនាញ ចំណេះដឹង របស់ជនពិការប្រភេទនេះ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា ជំងឺខ្សោយសតិបញ្ញា ត្រូវបានរកឃើញតាំងពីយូរណាស់មកហើយ ប៉ុន្តែនៅឆ្នាំ១៩៣៨ ដោយលោកវេជ្ជបណ្ឌិត Leo Kanner នៃមន្ទីរពេទ្យ Jonhs Hopkins សហរដ្ឋអាមេរិក បានណែនំាឲ្យហៅជំងឺនេះថា ជំងឺអូទីស្សឹម ដែលជំងឺនេះកើតឡើងលើមនុស្សមានវិបត្តិ នៃការលូតលាស់ប្រព័ន្ធខួរក្បាល តាំងពីកំណើត ហើយមានបញ្ហាលំបាកលើញាណដឹង លំបាកក្នុងការទំនាក់ ទំនងក្នុងសង្គមតាមរយៈការនិយាយ និងបញ្ហាផ្សេងៗទៀត។
តាមការស្រាវជ្រាវ នៅលើពិភពលោក ក្នុងចំណោមកុមារចំនួន ១.០០០នាក់ គឺមាន អ្នកជំងឺ អូទីស្សឹម ពីម្នាក់ទៅពីរនាក់ ហើយភាគច្រើនតែងកើតមានលើកុមារា ដែលជំងឺនេះនឹងកើត លើបុគ្គលនោះអស់មួយជីវិត។
គួរបញ្ជាក់ផងដែរថា ពិធីនេះមានការចូលរួមជាពីសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនជនពិការសរុបចំនួន ៤៥០នាក់៕