(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាល ជំងឺកូវីដ១៩ បានថមថយមួយរយៈ។ នេះបើតាមសារសំឡេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សារសំឡេងរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យអ្នកជំនាញថ្នាក់ឧត្តមសិក្សា បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ពោលគឺពួកគាត់បានសាទរសម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថា ជាការគិតគូរដ៏ត្រឹមត្រូវ ក្នុងនាមជាអ្នកកាច់ចង្កូតរាជរដ្ឋាភិបាល។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការបើកសាលាកម្រិតឧត្តមសិក្សាឡើងវិញជារឿងត្រឹមត្រូវ ព្រោះសាលាបានបិទទ្វារជិត ២ឆ្នាំហើយ ខណៈកិច្ចការបង្រៀនត្រូវបានធ្វើតាមរយៈអនឡាញទាំងស្រុង។

លោកបញ្ជាក់ថា៖ «ពេលនេះរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងដល់ប្រជាជនទូទៅ ជាពិសេសក្នុងតំបន់អទិភាពបានយ៉ាងច្រើន ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមមួយចំនួនបានចាប់ផ្តើមរស់រវើកឡើងវិញ ហើយសាលារៀនក៏ចាប់ផ្តើមជាបណ្តើរៗតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ»

លោកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តនូវគោលការណ៍បើកសាលារៀនឡើងវិញដោយប្រុងប្រយ័ត្ន។ ភាពដោយឡែកៗ នៃតំបន់នីមួយៗ ត្រូវបាន់ដាក់បញ្ចូលជាកត្តាសំខាន់ក្នុងការសម្រេចចិត្ត ថាតើយើងបើកដំណើរការសាលារៀនឡើងវិញរបៀបណា។

លោក ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការសម្រេចចិត្តដ៏ល្អនេះ ហើយក្នុងនាមសាកលវិទ្យាល័យ លោកក៏បានប្តេជ្ញាបន្តចូលរួមចំណែកយ៉ាងផុសផុលបំផុត នៅក្នុងការអនុវត្តនូវគោលការណ៍សុវត្ថិភាព ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។

លោក ឡាច សំរោង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈគ្រប់គ្រងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងក្នុងនាមសាស្ត្រាចារ្យ និងនិស្សិត និងបុគ្គលិកទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់ជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចអនុញ្ញាតឱ្យបើកដំណើរការមហាវិទ្យាល័យរដ្ឋ និង ឯកជនឡើងវិញ ដែលជាការមួយដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកម្រិតឧត្តមសិក្សា»

ថ្លែងដូចគ្នានេះដែរ ក្រៅពីសាទរសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សង្កត់ធ្ងន់ថា សាកលវិទ្យាល័យរបស់លោក នឹងបើកឡើងវិញ ស្របទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាកលវិទ្យាល័យជាតិគ្រប់គ្រង គាំទ្រ និងយល់ឃើញថា ដំណើរការបើកសាកលវិទ្យាល័យឡើងវិញ គឺជារឿងល្អ ដើម្បីបន្តគាំទ្រឱ្យប្រសើរឡើងនូវវិស័យអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា»

បន្ថែមលើនេះ លោក គួច ម៉េងលី អ្នកជំនាញលើវិស័យអប់រំ បានថ្លែងថា ការអនុញ្ញាតឱ្យបើកសាកលវិទ្យាល័យឡើងវិញ ទាំងឯកជន និងរដ្ឋ គួរតែត្រូវបានធ្វើហើយ ពីព្រោះក្រុមអាយុនៅសាកលវិទ្យាល័យ ជាវ័យដែលពោរពេញដោយកម្លាំង និងប្រព័ន្ធការពារខ្លាំង ហើយដែលពេញវ័យមិនងាយឈឺ។

ពាក់ព័ន្ធនឹងការបើកសាលាកម្រិតឧត្តមទាំងរដ្ឋ និងឯកជននេះ ត្រូវបានលោក គួច ម៉េងលី យល់ថា នឹងនាំឱ្យមានសកម្មភាពក្នុងការអប់រំ ហើយសម្រាប់សិស្សដែលរង់ចាំចូលរៀនថ្នាក់បរិញ្ញាបត្រ មិនមានការខកខាន ហើយសិស្សដែលរៀនចប់ពីវិទ្យាល័យ ក៏អាចបានចុះឈ្មោះចូលរៀនផងដែរ។

«ខ្ញុំគិតថា វាជាចំណុចល្អមួយទៀតដែរ ដែលថាសាលាបានដំណើរការវិញ ធ្វើឱ្យសិស្សទូទាំងប្រទេស ចូលរៀនថ្នាក់បរិញ្ញាបត្រ មានការចូលរៀន ដើម្បីមិនមានការព្រួយបារម្ភ ក្នុងការសម្រេចរៀនក្នុងឆ្នាំសិក្សាថ្មី»។ នេះជាការបញ្ជាក់របស់ លោក គួច ម៉េងលី។

តបតាមការការប្រកាស របស់ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការលើកិច្ចការរៀបចំបើកថ្នាក់កម្រិតឧត្តមសិក្សាទាំងអស់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

សូមជម្រាបថា មុននឹងការប្រកាសអនុញ្ញាតឱ្យបើកថ្នាក់កម្រិតឧត្តមសិក្សាឡើងវិញនោះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីអនុវិទ្យាល័យឡើងទៅផងដែរ ក្រោយពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ថមថយមួយកម្រិត។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ SOP ។

គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម៕

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោក ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

លោក ហោ ប៉េង សាកវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

លោក គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា