(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសៅរ៍ទី២ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ស្ថិតនៅតាមផ្លូវ លេខ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក គេឃើញមានកម្លាំងសណ្តាប់ធ្នាប់ និងមន្រ្តីសាលាខណ្ឌទួលគោកជាង២០នាក់ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌចុទៅព្រោងព្រាតដែលពីដំបូង ប្រជាពលរដ្ឋនៅតំបន់នោះ នាំគ្នារត់ទៅមើលស្មានតែចាប់ក្រុមចោរប្លន់ ឬបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែហួសចិត្តទៅវិញក្រោយដឹងថា កម្លាំងអាជ្ញាធរចុះទៅវាយកាំជណ្តើរថ្ម ៣កាំ នៅពីមុខផ្ទះស្រ្តីម្នាក់ទៅវិញ។
ត្រឹមកាំជណ្តើរ៣ ដែលម្ចាស់ផ្ទះសង់នៅពីមុខវេរ៉ងដា នៃផ្ទះរបស់ខ្លួនត្រូវបាន លោក ប៉ាង លីដា ដឹកនាំកម្លាំងព្រោងព្រាត ចុះទៅវាយឡើងបែកញើសជោគអាវ ដោយប្រាប់ហេតុផលថា សង់រំលោភលើចិញ្ចើមផ្លូវ ហើយមានប្រជាពលរដ្ឋ អ្នកជិតខាងបានប្តឹងទៅអាជ្ញាធរ។
គ្រាន់តែឃើញសកម្មភាពមួយនេះ ប្រជាពលរដ្ឋនាំគ្នាអស់សំណើច និងហួសចិត្តគ្រាប់គ្នាថា សំណង់ធំៗជាច្រើនកន្លែង ទីតាំងលក់ដូរ និងសំណង់រឹងម៉ាគគោក នៅក្នុងខណ្ឌដែលរំលោភ អាជ្ញាធរមិនទៅចាប់អារម្មណ៍ មកចាប់អារម្មណ៍រឿងកាំជណ្តើរ៣កាំទៅវិញ តើនេះមកពីអ្នកប្តឹងនោះជាអាណាព្យាបាល របស់លោកអភិបាលខណ្ឌ ឬអភិបាលរងខណ្ឌ ប៉ាង លីដា?
សម្រាប់សកម្មភាពមួយនេះរបស់អាជ្ញាធរខាងលើនេះ ត្រូវបានស្រ្តីជាម្ចាស់ផ្ទះចោទថា បានធ្វើរំលោភលើសិទ្ធិរបស់គាត់ ហើយការធ្វើនេះបានកើតឡើងខណៈដែលម្ចាស់ផ្ទះមិននៅ ជាប់រវល់ទៅឆេងម៉េង ឯស្រុក ហើយការវាយកម្ទេចនេះ មិនត្រូវបានអាជ្ញាធរភូមិ-សង្កាត់ដឹងឮនោះទេ និងក៏គ្មានលិខិតស្នាមបណ្ដឹងពីអាជ្ញាធរខណ្ឌផងដែរ។
លោកស្រីជា ចាន់ពៅ អាយុជាង៥០ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា «ខ្ញុំមិនយល់ស្រប និងចំណាត់ការរបស់អាជ្ញាធរខណ្ឌទួលគោក ដែលដឹកនាំដោយលោក ប៉ាង លីដា ចុះមកវាយកម្ទេចកាំជណ្ដើរផ្ទះ ដោយគ្មានលិខិតស្នាម»។
អ្នកស្រីបាននិយាយថា អ្វីដែលជាក់ស្ដែង គឺកាំជណ្ដើរនោះ នៅក្នុងវេរុងដាផ្ទះរបស់គាត់ ហើយអ្វីដែលហួសចិត្តទៀតនោះ គឺកាចុះមកវាយកាំជណ្ដើរផ្ទះរបស់គាត់ ដោយគ្មានលិខិតជូនដំណឹង។ អ្នកស្រីសូមអំពាវនាវដល់មន្រ្តីគ្រប់ស្ថានប័នពាក់ព័ន្ធ ជួយរកយុតិធម៌ឲ្យគាត់ផង ហើយបើគាត់ធ្វើកាំជណ្ដើរនេះ ខុសឬរំលោភសិទ្ធិប្រជាពលរដ្ឋលើដីចិញ្ចើមផ្លូវនោះ លោកស្រីសុំឲ្យអាជ្ញាធរធ្វើទៅតាមការងាររដ្ឋបាល ដូចជា លិខិតជូនដំណឹង ដើម្បីឲ្យគាត់ចូលដោះស្រាយតាមច្បាប់ផងដែរ៕
Posted by Fresh News Photo on Monday, April 4, 2016