(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចុះយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានា ទូទាំងរាជធានីភ្នំពេញ រួចរាល់អស់ហើយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តយុទ្ឋនាការចុះបាញ់ថ្នាំសម្លាប់មេរោគ ដោយឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយទាហាន នៃកងពលតូចលេខ៧០ ឬង៧០ ធ្វើការបាញ់សម្លាប់មេរោគ នៅតាមវត្តអារាមទាំង ១៥១វត្ត ទូទាំងរាជធានីភ្នំពេញ។
ជាក់ស្ដែងនៅព្រឹកអាទិត្យ ថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងទាហាននៃកងពលតូចលេខ៧០ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៥១ នៅរាជធានី ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មកក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនីមួយៗ។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគ នៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦ កញ្ញានេះ អាជ្ញាធរបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពកងពលតូចលេខ៧០ ដោយធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាវត្តទូទាំងរាជធានី។
សូមជម្រាបថា ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា បានរកឃើញព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ វិជ្ជមានជំងឺកូវីដ១៩ នៅក្នុងចំណោមសំណាកចំនួន ៨,៩៧៥អង្គ/នាក់។ នេះបើតាមលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ៕