(កណ្តាល)៖ លោកស្រី យឺន សារ៉េត ព្រមទាំងក្រុមគ្រួសារបានជួបសំណេះសំណាល និងផ្តល់អំណោយជាស្បៀងសម្ភារៈ និងថវិកាជូនដល់គ្រួសារទីទ័លខ្វះខាតចំនួន២៥គ្រួសារ ដែលរស់នៅភូមិបឹងក្រចាប់ត្បូងក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កម្មវិធីនេះបានធ្វើឡើងនៅគេហដ្ឋានលោកស្រី យឺន សារ៉េតមាតាបង្កើតរបស់លោកស្រី មិត្ត ជីតា ក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
លោកស្រី មិត្ត ជីតា បានថ្លែងថា៖ «ទោះបីខ្ញុំមិនបានមកដោយផ្ទាល់ក៏ពិតមែនតែចិត្តខ្ញុំនៅតែ មានក្តីអាណិតនឹកស្រលាញ់ដល់លោកយាយលោកតានិងបងប្អូនជានិច្ច។ ការអញ្ជើញ លោកតាលោកយាយ ពុកម៉ែ ពូមាមីង បងប្អូន មកទាំង២៥ គ្រួសារនេះមកជួបជុំ និង ផ្តល់អំណោយជាស្បៀង និងថវិកាជូននៅពេលនេះ គឺធ្វើឡើងដោយមើលឃើញនិងបានដឹងពីភាពទីទ័លខ្វះខាតក្នុងជីវភាពរស់នៅ ពិសេសតាមបំណងនិងការចង់បានរបស់អ្នកម្តាយ យឺន សារ៉េត ដែលគាត់តែងតែបានធ្វើបុណ្យ ឬធ្វើទានជាប្រចាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមិនដែរខាន ប៉ុន្តែដោយសារមិនអាចជួបជុំគ្នាច្រើនហើយ យើងចូលរួមទប់ស្កាត់ជំងឺកូវីត១៩ និង ដើម្បីជួយសំរាលការលំបាករបស់លោកតាលោកយាយ និងពុកម៉ែ បងប្អូន»។
អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារទីទ័លខ្វះខាតក្នុងជីវភាពចំនួន ២៥គ្រួសារនៅពេលនេះ គឺ គ្រួសារនីមួយៗ ទទួលបាន អង្ករ៥ គីឡូ ស្លាដក់១ និងថវិការចំនួន ៥ម៉ឺនរៀល។
លោកស្រីក៏បានសន្យាថា នាពេលខាងមុខលោកស្រី នឹងបន្តផ្តល់ជូនលោកយាយលោកតានិងបងប្អូនបន្តទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន៕