(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលដឹកនាំដោយលោកវេជ្ជ បណ្ឌិត ឈុន សំអូន សមាជិកគណៈអចិន្ត្រៃយ៍ បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៣០នាក់ ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
ការចុះអប់រំ ពលរដ្ឋអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី នេះដែរ ធ្វើឡើង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមស.ស.យ.ក ស្រុករមាសហែក ចំនួន ២២នាក់។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ បានថ្លែងប្រាប់ឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានចុះណែនាំដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីដ-១៩ រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ និងត្រូវ អនុវត្តឲ្យបាននូវ វិធានការ ៣ការពារ និង ៣កុំ៕