(ភ្នំពេញ)៖ ក្រុមហ៊ុន Prince Real Estate បានរៀបចំកិច្ចសំណេះសំណាល ជាមួយប្រព័ន្ធផ្សព្វផ្សាយ សមាគមអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជា នៅមជ្ឈមណ្ឌលព្រីន ផ្លាហ្សា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ ដោយមានអ្នកសារព័ត៌មាន មកពីស្ថាប័នទូរទស្សន៍ កាសែត និងគេហទំព័រនានា ជាច្រើននាក់ បានចូលរួម ក្នុងគោលបំណង បង្ហាញពីសក្ដានុពលវិនិយោគជាច្រើន នៅកម្ពុជា ដល់សាធារណជនទូទៅ ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលកំពុងតែទទួលបានការគ្រទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងប្រទេស និងជាការចូលរួមចំណែកយ៉ាងធំ លើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារ ចនាសម្ព័ន្ធនានាជាច្រើន ក្នុងទីក្រុងភ្នំពេញ។
លោក លី មីង ប្រធានក្រុមហ៊ុន Prince Real Estate បានមានប្រសាសន៍ថា រយៈពេលជាង១ឆ្នាំ ដែលក្រុមហ៊ុនបានមកធ្វើការ លើវិស័យអចលនទ្រព្យនៅកម្ពុជា ឃើញថា វិស័យនេះ មានសន្ទុះខ្លាំងក្លា គួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ងាកមកចាប់អារម្មណ៍នឹងរបៀបរស់នៅបែបទំនើប គឺការទិញវិឡារ ផ្ទះល្វែង និងអាផាតមិន ដើម្បីរស់នៅ ។ ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate ដែលមានប្រភពមកពីប្រទេសចិន បានប្រមូលផ្ដុំដោយអ្នកមានជំនាញ អចលនទ្រព្យជាច្រើន ក្រុមការងារមានភាពរឹងមាំ ច្បាស់លាស់ ត្រូវបានបញ្ជូនមកសិក្សា នៅវិស័យអចលនទ្រព្យ នៅកម្ពុជា ។
លោកបន្ថែមថា ក្រុមហ៊ុនមានគោលដៅអភិវឌ្ឍន៍ ដ៏យូរអង្វែងមួយ ពោលគឺរហូតដល់ឆ្នាំ២០៣០ ដើម្បីជម្រុញ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសការកសាងហេដ្ឋា រចនាសម្ព័ន្ធទំនើបនានា ដើម្បីឲ្យកម្ពុជា ដើរទាន់ប្រទេសជិតខាង ពោលគឺជាបេសកកម្ម និងភាពឈ្នះៗទាំងអស់គ្នា ព្រោះប្រទេសកម្ពុជា មានសក្ដានុពលជាច្រើន ដែលជាអំណោយផលមួយយ៉ាងល្អ ទាំងកត្ដាភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច បរិយាកាស ទំនុកចិត្ត ផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ វិស័យអលនទ្រព្យនៅកម្ពុជា ។
លោក លី មីង បានសង្កតធ្ងន់ថា បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុម័តច្បាប់ ដើម្បីឲ្យជនជាតិបរទេសមានសិទ្ធិទិញ និងគ្រប់គ្រងផ្ទះ ចាប់ពីជាន់ទី១ឡើងទៅ បានធ្វើឲ្យតម្រូវការអាផាតមិន និងការលក់មានសន្ទុះ កើតឡើងជាលំដាប់ ហើយនៅឆ្នាំ២០១៦នេះ តម្លៃលក់មានការប្រែប្រួលខ្លាំង ជាកត្ដានាំឲ្យវិស័យអចលនទ្រព្យមានកំណើន គួរឲ្យកត់សម្គាល់ ។ ជាមួយគ្នានេះ មានក្រុមហ៊ុនអចលនទ្រព្យជាច្រើន បានចូលមកប្រទេសកម្ពុជា ជាហូរហែ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពិសេសវិស័យអចលនទ្រព្យ ។
សមាគមអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានទទួលការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ខណៈក្រុមហ៊ុន Prince Real Estate មានអាយុកាលប្រមាណ ជាង២០ឆ្នាំមកហើយ ធ្វើការងារផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ ។ ក្រុមហ៊ុន Prince Real Estate មានដីសម្រាប់សាងសង់ ផ្ទះល្វែង វីឡា និងអាផាតមិន ជាច្រើន តម្រូវការតាមការចង់បាន របស់ប្រជាពលរដ្ឋទូទៅ ។ ជាមួយគ្នានេះ ជនបរទេសដែលបានមកលេងនៅកម្ពុជា ក៏បានចាប់អារម្មណ៍ និងការអវិវឌ្ឍន៍វិស័យអចលនទ្រព្យ ព្រោះស្ថានភាពនៅកម្ពជា ពុំមានបញ្ហាស្មុគស្មាញ ដែលត្រូវពិបាកដោះស្រាយ នោះឡើយ៕