(តាកែវ)៖ ក្រុមកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តតាកែវ។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿង ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ជីវ ចន្ទ័តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការស៉ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុច ផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ដកហូតម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៨៥៤.៣៦ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី៕