Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីផ្ទុកជំងឺកូវីដ១៩ ប្រភេទ Delta ទទួលជោគជ័យក្នុងការសម្រាលកូនដោយវះកាត់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ

26-09-2021 11:59

(ព្រះវិហារ)៖ ស្ត្រីមានផ្ទៃពោះ និងផ្ទុកជំងឺកូវីដ១៩ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ជួយសម្រាលកូនដោយវះកាត់ដោយជោគជ័យ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ៤គីឡូក្រាម។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ស្ត្រីផ្ទុកជំងឺកូវីដ១៩ ដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយវះកាត់ទទួលបានជោគជ័យនោះ មានឈ្មោះ ហ៊ុន ដានី អាយុ៤១ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ស្ត្រីរូបនេះបានឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ និងបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោក គួង ឡូ បានថ្លែងទៀតថា ស្ត្រីរូបនេះបានមានផ្ទៃពោះលើកទី៥ ហើយកូនដែលកើតនេះជាកូនទី៣។ លោកថា មូលហេតុដែលស្ត្រីរូបនេះសម្រាលកូនដោយវះកាត់ ទី១៖ ដោយសារស្ត្រីរូបនេះមានផ្ទៃពោះគ្រប់ខែតែមិនទាន់សម្រាល ទី២៖ ទារកក្នុងផ្ទៃមានបេះដូងខ្សោយ និងទី៣៖ ទារកមានទំងន់ធ្ងន់រហូត៤ គីឡូក្រាម។

លោកប្រធានមន្ទីរសុខាភិបាល ក៏ថ្លែងទៀតថា ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរាលដាលចូលសហគមន៍នៅក្នុងខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ជួយសម្រាលកូនជូនស្ត្រីផ្ទុកជំងឺកូវីដ១៩ បានចំនួន៦នាក់ ក្នុងនោះសម្រាលដោយវះកាត់ម្នាក់៕