(កំពង់ស្ពឺ)៖ កូនសត្វខ្លាឃ្មុំធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារ និងអភិរក្ស។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើរបស់កម្ពុជា) ហើយនិងត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុង ពិភពលោក ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញា CITES មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំ រស់នៅក្នុងព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។
នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ។
ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជ នៅអំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅអំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ ទៅ២ក្បាល។ សត្វខ្លាឃ្មុំ អាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំ ទទួលរងការគម្រាមកំហែងពីកត្តាជាច្រើន ដែលរួមមានការបាត់បង់ទីជម្រកការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។
លោក នេត្រ ភក្ត្រា បានបន្តថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។
លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។
លោក នេត្រ ភក្ត្តា បានឱ្យដឹងថា នៅក្នុងរយៈពេល ៨ខែមកនេះ អន្ទាក់ជាង ម៉ឺនអន្ទាក់ ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។
គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕