(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ២០២១ ចំនួន ៣៩កន្លែង (ក្របខណ្ឌ «ក»)។
ក្នុងកម្មវិធីប្រឡង ដែលបានធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ*១៩ ក្រសួងបានរៀបចំឱ្យបេក្ខជនទាំង ២៤៨ នាក់ចូលរួមប្រឡងតាមប្រព័ន្ធអនឡាញលើវិញ្ញាសា (១) ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ (២) វិញ្ញាសាភាសាអង់គ្លេស និង (៣) វិញ្ញាសាជំនាញមួយក្នុងចំណោម (ក) នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ (ខ) ទូរគមនាគមន៍ ឬ (គ) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ដើម្បីធានាតម្លាភាព សមធម៌ និងសុក្រឹត្យភាព ក្រសួងបានរៀបចំប្រព័ន្ធប្រឡង និងនីតិវិធី ដូចខាងក្រោម៖
* រៀបចំ «ប្រព័ន្ធប្រឡង» ដែលអាចថតរាល់សកម្មភាពលើអេក្រង់កុំព្យូទ័ររបស់បេក្ខជន និងរូបភាពសកម្មភាពកំពុងប្រឡងរបស់បេក្ខជន។ ប្រព័ន្ធនេះក៏កំណត់មិនឱ្យមានមុខងារចម្លងចូល ឬចម្លងចេញ (Disable copy and paste function) ទេ។
* បេក្ខជនត្រូវមានឧបករណ៍អេឡិចត្រូនិកមួយទៀត សម្រាប់ចូលកម្មវិធី Zoom ដោយតម្រូវឱ្យបើកកាមេរ៉ា និងសម្លេង (Video and Microphone) ដើម្បីត្រួតពិនិត្យមជ្ឈដ្ឋានជុំវិញខ្លួនបេក្ខជននៅពេលប្រឡង
* បន្ទប់ប្រឡងអនឡាញនីមួយៗមានបេក្ខជនចន្លោះពី១៨ ទៅ២២ នាក់ដោយមានអនុរក្ស ២ នាក់ត្រួតពិនិត្យតាមប្រព័ន្ធ Zoom និងម្នាក់ទៀតត្រួតពិនិត្យអេក្រង់ «ប្រព័ន្ធប្រឡង»
* បេក្ខជនដែលមិនមានឧបករណ៍អេឡិចត្រូនិកចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការប្រឡង ក្រសួងបានឱ្យខ្ចីឧបករណ៍ និងផ្តល់ទីតាំងប្រឡងជូន ដោយអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ
* រៀបចំការប្រឡងសាកល្បងចំនួនពីរលើក (នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១) ដើម្បីធានាថាបេក្ខជនចេះប្រើប្រព័ន្ធប្រឡង
ចំពោះបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរតាមប្រព័ន្ធអនឡាញ នឹងត្រូវចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ ដែលគណៈកម្មការប្រឡងនឹងជូនដំណឹងនៅពេលក្រោយ៕