(ព្រះវិហារ)៖ កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឡើងលើសកម្រិតត្រូវប្រកាសអាសន្នហើយ ដោយមានកម្ពស់រហូត ១១.៨០ម៉ែត្រ តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះនៅមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនោះឡើយ លុះត្រាតែដល់កម្រិតអតិប្បមា១៣,៥០ម៉ែត្រ។
ជាមួយនឹងដំណឹងនេះ អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ គឺមានកម្ពស់រហូត១១.៨០ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកស្ទឹងសែនថ្ងៃនេះ ឡើងហួសកម្រិតប្រកាសអសន្នរហូត ៣តឹក។
លោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ស្ថានភាពទឹកនៅស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកសង្គមថ្មី គឺមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អ្វីដែលត្រូវព្រួយបារម្ភនឹងត្រូវមានការប្រុងប្រយ័ត្ននោះ គឺប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង។
ជាមួយគ្នានេះ មន្រ្តីធនធានទឹក បានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃនេះ ទឹកស្ទឹងសែនទាំងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយថ្ងៃនេះអាកាសធាតុក៏ល្អប្រសើរផងដែរ ប៉ុន្តែក្រុមការងារនៅតែតាមដានជាប់ជាប្រចាំផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ ប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕