(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ទើបតែដាក់ដំណើរការ នូវគេហទំព័ររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ដែលជាកន្លែងមួយសម្រាប់ទទួលពាក្យបណ្តឹងពីអ្នកប្រើប្រាស់ តាមប្រព័ន្ធអនឡាញ ប្រសិនបើពួកគាត់ទិញបានទំនិញ ឬផលិតផលណាខូចគុណភាព។
គេហទំព័រថ្មីនេះមានឈ្មោះ www.ccfdg.gov.kh ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា គេហទំព័រថ្មីនេះមានលក្ខណៈពិសេសមួយចំនួន ដូចខាងក្រោម៖
១៖ ការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ (Online Complaint)៖ អ្នកប្រើប្រាស់អាចដាក់ពាក្យបណ្ដឹង តាមរយៈគេហទំព័រនេះ ព្រមទាំងអាចភ្ជាប់នូវឯកសារ យោងពាក់ព័ន្ធផ្សេងៗ ដែលមានលក្ខណៈងាយស្រួល និងចំណេញពេលវេលា ក្នុងការស្វែងរកដំណោះស្រាយ និងការទាមទារសំណងនានា។
២៖ ការប្រមូលផលិតផលត្រឡប់មកវិញ (Product Recall)៖ អ្នកប្រើប្រាស់ ធុរជន និងសាធារណជនអាចទទួលព័ត៌មាន អំពីផលិតផលទំនិញ ដែលខូចគុណភាព ឬមិនមានសុវត្ថិភាពទាន់ពេលវេលាតាមរយៈគេហទំព័រនេះ និងអាចជៀសផុតពីផលប៉ះពាល់នានា ពីការប្រើប្រាស់នូវផលិតផលទាំងនោះ។
៣៖ ច្បាប់ និងបទប្បញ្ញត្តិ (Laws and Regulations)៖ រាល់ឯកសារច្បាប់ បទប្បញ្ញត្តិបច្ចេកទេស និងឯកសារផ្សេងៗ ពាក់ព័ន្ធដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្ទុកនៅក្នុងគេហទំព័រនេះ និងអាចទាញយកមកប្រើប្រាស់បាន។
រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ធ្វើសេចក្តីរាយការណ៍ ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាព មិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នា ឲ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្ត នូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់ អនុវត្តនូវការតព្វកិច្ចទាំងនោះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែក ជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់។
លោក ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការការពារអ្នកប្រើប្រាស់ នៅប្រទេសកម្ពុជា នៅក្មេងខ្ចីនៅឡើយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់។ ក្រោមចក្ខុវិស័យប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យមានការរៀបចំតាក់តែងច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។
លោកថា ក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បានដើរតួនាទីសំខាន់ ក្នុងការអនុវត្តច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណងដើម្បីធានា ឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយភាពសុចរិត។
គូសបញ្ជាក់ថា ប្រទេសកម្ពុជា មានរបបគាំពារអ្នកប្រើប្រាស់ក្មេងជាងគេ នៅក្នុងតំបន់អាស៊ាន ហើយច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាស ឲ្យប្រើតាមព្រះរាជក្រម លេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រ ចំពោះច្បាប់ ស្តីពីការការពារអ្នកប្រើប្រាស់។ អ្នកឧកញ៉ាលើកឡើងថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋាន ក.ប.ប ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបានប្រគល់នូវភារកិច្ច ទាក់ទងនឹងការការពារអតិថិជន អនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់នេះ។ ដោយឡែក គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួន៥៕