(កណ្តាល)៖ អាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញមកច្រានចោលការចោទប្រកាន់តាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានចោទប្រកាន់មកលើអាជ្ញាធរថាបានលួចលក់ដីឲ្យក្រុមឈ្មួញ។

លោក ម៉ៅ តារា អភិបាលរងស្រុកស្អាង, លោក ឈាង លី មេឃុំប្រាសាទ ស្រុកស្អាង និងលោក គង់ សេរីរិទ្ធ ស្មៀនឃុំប្រាសាទ បានចាត់ទុកថា ការចុះផ្សាយ និងចោទប្រកាន់ទាំងនេះមិនមែនជាការពិតនោះឡើយ ហើយក៏គ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។ លោក ឈាង លី មេឃុំប្រាសាទ បាននិយាយថា «ការចុះផ្សាយមួយចំនួននោះ គឺជាការចុះផ្សាយមួលបង្កាច់ទាំងស្រុងខុសពីការពិត ពីព្រោះការទិញលក់ដីធ្លី បានកើតឡើងតាំងពីចុងឆ្នាំ២០១៧មកម្ល៉េះ ហើយលោកទើបតែបានធ្វើជាមេឃុំនៅឆ្នាំ២០២០។ ហើយក៏បានកើតឡើងមុនលោក ម៉ៅ តារា លោកបានមកកាន់តំណែងជាអភិបាលរងស្រុកស្អាងផងដែរ»

ការបកស្រាយ និងបដិសេធនេះ បានកើតឡើង នៅពេលដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បានស្នើសុំឲ្យអាជ្ញាធរជួយទប់ស្កាត់មនុស្សមួយចំនួនយកដីពួកគាត់ទៅលក់ឲ្យក្រុមឈ្មួញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាធ្វើដំណើរដោយទូកកាណូតទៅប្រមូលផ្តុំគ្នានៅចំណុចដីបឹងត្នោតមួយដើម ស្ថិតក្នុងភូមិលេខ២ ឃុំប្រាសាទ ដើម្បីធ្វើការតវ៉ារឿងដីធ្លី ខណៈអាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានចុះទៅស្រាវជ្រាវរកទីតាំងដីរបស់ម្ចាស់សំណើ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនរដ្ឋបាលខេត្តផងដែរ។

ក្រោយមានប្រជាពលរដ្ឋជាច្រើនគ្រួសារចេញមកតវ៉ារឿងដីធ្លីខាងលើនេះ ក៏លេចចេញព័ត៌មាន និងការចោទប្រកាន់ទៅលើអាជ្ញាធរថាបានលួចដីលក់ទៅឲ្យក្រុមឈ្មួញទៅវិញ ដោយសំអាងការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនេះ។ ការចោទប្រកាន់បែបនេះ ត្រូវបានមេឃុំប្រាសាទលោក ឈាង លី ចេញមុខច្រានចោលភ្លាមៗ និងធ្វើឡើងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ ប្រធានភូមិ អនុប្រធានភូមិ ក្នុងឱកាសដែលលោកដឹកនាំប្រជុំស្តីពីគោលការអនុវត្តន៍ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកមេឃុំបានបញ្ជាក់ថា «ប្រជាពលរដ្ឋដែលមកធ្វើការតវ៉ានោះ ភាគច្រើនមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទរបស់លោកនោះទេ»។ លោក ម៉ៅ តារា អភិបាលរងស្រុកស្អាង ក៏បានពន្យល់ផងដែរថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកបានអនុវត្តទៅតាមលិខិតលេខៈ១១៤ ដ.ក.ប ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល និងលិខិតបញ្ជាបេសកកម្មលេខៈ១៤១ ល.ប.ប ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងលិខិតបញ្ជាបេសកកម្មលេខៈ ២៩៧/២១ លបប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកស្អាងតែប៉ុណ្ណោះ ដូច្នេះហើយលោកបានដឹកនាំក្រុមការងារបានចុះធ្វើការស្រាវជ្រាវទីតាំងដីរបស់ម្ចាស់សំណើរដើម្បីមាន មូលដ្ឋានរាយការណ៍ជូនរដ្ឋបាលខេត្ត តែក្នុងពេលចុះទៅធ្វើការពិនិត្យស្រាវជ្រាវរបស់មន្ត្រីបច្ចេកទេស នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏មានប្រជាពលរដ្ឋបានមកធ្វើការហាមឃាត់ក្រុមការងារក៏បានផ្អាកមិនដំណើរការតែម្តង។

លោក ម៉ៅ តារា បានបញ្ជាក់ថា សម្រាប់សំណើរបស់ឈ្មោះ លី ហាក់ ក្រុមការងារបានជម្រាបជូនតំណាងម្ចាស់សំណើរ និងអ្នកពាក់ព័ន្ធមិនអាចធ្វើការវាស់វែងបានទេ ដោយមូលហេតុមានបណ្តឹងរបស់ពលរដ្ឋម្នាក់មានទីលំនៅភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលគាត់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅសាលាខេត្ត ដូចនេះក្រុមការងារផ្អាកមិនដំណើរការ ទុកឱកាសឲ្យភាគីពាក់ព័ន្ធទាំងពីរករណី ធ្វើការសម្របសម្រួលដោះស្រាយតាមនីតិវិធី៕