(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសុន្ទរកថាថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្នុងសុន្ទរកថានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ, កម្ពុជានឹងព្យាយាមដោះស្រាយ បញ្ហាប្រឈមរួមនៅក្នុងតំបន់។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ, កម្ពុជានឹងបន្តជំរុញដំណើរការកសាង សហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារសំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក»។
សម្តេចតេជោ បានបញ្ជាក់ដែរថា កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និង សុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាកស្រុក, របៀបវារៈការអភិវឌ្ឍ ដែលមាន ភាពបៃតង និងបរិយាប័ន្ន, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ៕