(ភ្នំពេញ)៖ បុគ្គលិកស្ម័គ្រចិត្តផ្នែកសម្របសម្រួលកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ម្នាក់ នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ រាជធានីភ្នំពេញឈ្មោះ ញឹប ផានាថ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញវីដេអូសុំទោសជាសាធារណៈដោយទទួលស្គាល់កំហុស និងសារភាពពីអ្វីដែលខ្លួនបានបង្ហោះពាក់ព័ន្ធនឹងចំណាត់ការរបស់ថ្នាក់ដឹកនាំ ចំពោះការដកតំណែងប្រធានមន្ទីរពេទ្យបបង្អែកខណ្ឌដង្កោ កាលពីពេលថ្មីៗនេះ។
តាមរយៈវីដេអូបុគ្គលិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាវីដេអូ ដែលខ្ញុំសូមធ្វើការសុំទោសជាសាធារណៈ ចំពោះការបង្ហោះរូបភាព និងសរសេរខ្លឹមសារ ហើយមានការយល់ច្រឡំ លើករណីការដកលោក ឆឹម ជីវី ចេញពីប្រធានមន្ទីពេទ្យបង្អែកដង្កោ។ ខ្ញុំបាទសូមធ្វើការសុំទោសជាសាធារណៈ និងសុំបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបលើព័ត៌មានដែលខ្ញុំបាទបានបង្ហោះ គឺមានការយល់ច្រឡំលើថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីសុខាភិបាល។
ជាចុងក្រោយ ខ្ញុំបាទសូមអំពាវនាវ ដល់សាធារណៈជន ក៏ដូចជាបុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកដង្កោ កុំឱ្យមានការភាន់ច្រឡំទៀតលើរឿងរ៉ាវរបស់លោកវេជ្ជបណ្ឌិត ឆឹម ជីវី ពាក់ព័ន្ធនឹងការដកលោកចេញពីប្រធានមន្ទីរពេទ្យបង្អែកដង្កោ»។
សូមជម្រាបថា លោកវេជ្ជបណ្ឌិត ឆឹម ជីវី កាលពីពេលថ្មីនេះ ត្រូវបានសាលារាជធានីភ្នំពេញ ដកចេញពីតំណែងដោយសារតែមានភាពមិនប្រក្រតីជាច្រើនចំពោះតួនាទីរបស់ខ្លួន ហើយក្រោយពីដកតំណែងលោកវេជ្ជបណ្ឌិត ឆឹម ជីវី ស្រាប់តែបុគ្គលិកស្ម័គ្រចិត្តផ្នែកសម្របសម្រួលកិច្ចការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម្នាក់ បានបង្ហោះខ្លឹមសារចោទប្រកាន់ថ្នាក់ដឹកនាំថា ការដកតំណែងប្រធានមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ជារឿងអយុត្តិធម៌ ព្រមទាំងអំពាវនាវឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរកយុត្តិធម៌ជូនលោកវេជ្ជ ឆឹម ជីវី ជាដើម។
ក្រោយពីបង្ហោះសារនេះហើយ បុគ្គលឈ្មោះ ញឹប ផានាថ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចនាំមកសួរនាំ និងបង្ហាញហេតុផល ក៏ដូចជាមូលហេតុផ្សេងៗដែលឈានទៅដល់ការដកតំណែងប្រធានមន្ទីរពេទ្យខណ្ឌដង្កោ។
ក្រោយពីមានស្តាប់ការណែនាំរបស់អាជ្ញាធរ និងការបង្ហាញពីភស្តុតាង និងមានឯកសារពាក់ព័ន្ធនោះ បុគ្គលរូបនេះបានដឹកកំហុស និងបានចេញវីដេអូ សុំទោសជាសាធារណៈ ដោយទទួលស្គាល់ថាការដកតំណែងប្រធានមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ពិតជារឿងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំដូច្នេះ សូមប្រជាពលរដ្ឋទាំងសូមកុំមានការយល់ច្រឡំតទៅទៀត៕
សូមទស្សនាវីដេអូដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖