(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវរហូតឃាត់ទៅបង្ក្រាបបទល្មើសចំនួន២ផ្សេងគ្នា គឺបទល្មើសចោរកម្ម និងបទល្មើសឆក់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

បើតាមរបាយការណ៍បានឱ្យដឹងថា បទល្មើសចំនួន២ផ្សេងគ្នា ដែលកម្លាងសមត្ថកិច្ចបង្ក្រាបបានរួមមាន៖

ករណីទី១៖

កម្លាំងនគរបាលបានបង្ក្រាបបទល្មើសករណីចោរកម្ម នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៖៣០នាទីរំលងអាធ្រាតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ។

ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះរួចលួចយកទូរស័ព្ទចំនួន ប្រហែល១០០គ្រឿង និង Laptop ចំនួនប្រហែល១០គ្រឿង។

ជនរងគ្រោះឈ្មោះ Wen Qiu Long ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់រួមមាន៖

ទី១៖ ឈ្មោះសាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ,
ទី២៖ ឈ្មោះ ង៉ែត ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរស័ព្ទពីឈ្មោះសាំ សៅ ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ,
និងទី៣៖ ឈ្មោះ ចាន់ ហួត ភេទ ប្រុស២៣ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

សម្ភារ៖វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃ ចំនួន៥៩គ្រឿង ម៉ាកអាយហ្វូន ៤៨គ្រឿង និងម៉ាកផ្សេងៗ ១១គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ, ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព។

ក្រោយសួរចម្លើយជនសង្ស័យចំនួន៣នាក់ ឈ្មោះ សាំ សៅ , ឈ្មោះ ចាន់ ហួត និងម្នាក់រត់គេចខ្លួន១នាក់, ឈ្មោះ រ៉ូ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទនៅទីតាំងខាងលើប្រាកដមែន ហើយចែកគ្នាជា៣ចំណែក។

បន្ទាប់មកឈ្មោះ សាំ សៅ ហៅ អាត្រេន បានយកទូរស័ព្ទចំនួន៥០គ្រឿង និង Laptop ១គ្រឿង ជាចំណែករបស់ខ្លួន ទៅផ្ញើទុកនៅឈ្មោះ ង៉ែត ពិសី សិនដើម្បីលក់ និងបានខ្ចីលុយចំនួន២០០ដុល្លារ ពីឈ្មោះ ង៉ែត ពិសី ចាំលក់ទូរស័ព្ទអស់ទើបសងលុយឱ្យវិញ ។

ចំណែកជសង្ស័យឈ្មោះ ង៉ែត ពិសី បានសារភាពថាខ្លួនពិតជាបានទទួលទូរស័ព្ទចំនួន ៥០គ្រឿង និង Laptop ១គ្រឿង ពីឈ្មោះ សាំ សៅ ហៅអាត្រេន ប្រាកដមែន ចង់លក់៧០០ដុល្លារ តែដោយសារទូរស័ព្ទមានខូចខ្លះ ខ្លួនបានឱ្យលុយចំនួន២០០ដុល្លារ ទៅឈ្មោះ សាំ សៅ ហៅ អាត្រេន ចាយសិនហើយទូរស័ព្ទទាំងអស់ទុកនៅខ្លួនសិនចុះ។

ករណីទី២៖

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១ និង ៥០ នាទី យប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទ Hoteline ថា នៅចំណុច រង្វង់ត្រីដូហ្វីន ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិខ្មែរ ០៣នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់ កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ស បណ្តាលឱ្យដួលម៉ូតូរបួសពេញខ្លួន បន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់។

ជនរងគ្រោះឈ្មោះ សយ រីណៃ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ នារីរងគ្រោះរបួស រលាត់ប្រអប់ជើងខាងស្តាំ, ក្បាលជង្គង់ និងឈឺពេញរៀងកាយ។

សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយ ០១ ក្នុងនោះមាន ប្រាក់ ៥០ដុល្លារ កាបូបដៃ១ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាតវីង ២សន្លឹកកាតចាក់វ៉ាក់សាំង ១សន្លឹក។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ នេត ប៉េឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទី២៖ ឈ្មោះ លន សេងហស្ស ហៅ បី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
និងទី៣៖ ឈ្មោះ ពេជ្រ ពើន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT-1984។ (មធ្យោបាយធ្វើសកម្មភាព) កាបូបស្ពាយ ១ ក្នុងនោះមាន៖ (ផលនៃអំពើលួច) កាបូបដៃ១ អត្តសញ្ញាណប័ណ្ណ ១សន្លឹក កាតវីង ២សន្លឹក និងកាតចាក់វ៉ាក់សាំង ១សន្លឹក៕