(សៀមរាប)៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយចែកជូនប្រជាជន ដែលរស់នៅតំបន់ក្រហមចំនួន២៥០គ្រួសារ នៅសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាត់គោកចក និងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានបែងចែកជា៤ក្រុម ដើម្បីធ្វើសកម្មភាពចែកតាមសង្កាត់នីមួយៗ។
អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ១០គីឡូ, ទឹកសុទ្ធ១យួរ, ទឹកស៊ីអ៊ីវ១ដប, ទឹកត្រី១ដប, មី១០កញ្ចប់ និងត្រីខ២កំប៉ុង។
ជាមួយគ្នានេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បាននាំយកនំបុ័ង ទឹកដោះគោ ទឹកសុទ្ធ ជូនដល់កងកម្លាំងដែលយាមប្រចាំការតាមគោលដៅដែលបិទខ្ទប់ក្នុងសង្កាត់ទាំង៤ ចំនួន៨៦គោលដៅផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ត្រូវបានបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដូចខាងក្រោម៖
*សង្កាត់ស្លក្រាម៖ គ្រប់ភូមិ
*សង្កាត់ស្វាយដង្គំ៖ ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស
*សង្កាត់គោកចក៖ ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល
*សង្កាត់ជ្រាវ៖ ភូមិខ្នារ
*សង្កាត់សាលាកំរើក៖ ភូមិតាវៀន
*សង្កាត់ស្រង៉ែ៖ ភូមិព្រៃធំ និងភូមិស្រង៉ែ
*សង្កាត់ទឹកវិល៖ ភូមិសណ្ដាន់»។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការកំណត់ជាតំបន់ក្រហមនេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕