(កំពង់ឆ្នាំង)៖ វត្តចំនួន១០ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលបច្ច័យពីលោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យី សុភា តាមរយៈសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ នៅក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យវត្តទាំង១០ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រគេនអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក បណ្ឌិត ហ៉ឺ វីរៈ និងលោកស្រី យី សុភា ដែលមានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងរដូវកាលផ្អាកប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដិកា បួងសួងដល់គុណព្រះត្រៃរតនៈនិងវត្ថុស័ក្កសិទ្ធិក្នុងលោក ជួយអភិបាលថែរក្សាលោក បណ្ឌិត ហ៉ឺ វីរៈ និងលោកស្រី យី សុភា ព្រមទាំងក្រុមគ្រួសារ ជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។
សូមបញ្ជាក់ថា វត្តទាំង១០ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុង១វត្ត ទទួលបានបច្ច័យ១លានរៀល រួមមាន៖ វត្តព្រះវិហារហ្លួង, វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់, វត្តគិរីធម្មរាជ, វត្តធម្មរនតសោភា ហៅវត្តទ្រា, វត្តបល្ល័ង្ក, វត្តនទីវន័ ហៅវត្តស្ទឹង, វត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ, វត្តសុវណ្ណមុនី ហៅវត្តប្រស្និប, វត្តរតនមុនីសាគរ ហៅវត្តទឹកហូត និងវត្តសុវណ្ណពោធិការាម ហៅវត្តភ្នំទាប៕