(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានរកឃើញព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិតស្នាក់នៅតាមវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ វិជ្ជមានជំងឺកូវីដ១៩ នៅក្នុងចំណោមសំណាកចំនួន ៨,៩៧៥អង្គ/នាក់។ នេះបើតាមលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ។
លោក ទេព គង្គា បានឱ្យយ៉ាងដូច្នេះថា៖ «ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ១៩ រួចរាល់អស់ហើយ គឺចំនួន៨៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តចំនួន ១៥០វត្ត ត្រូវបានក្រុមការងារសុខាភិបាលយកសំណាករកមេរោគកូវីដ១៩ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ តាអាចារ្យចំនួន៩នាក់ ដូនជីតាជី ចំនួន១៥នាក់ និងសិស្ស និស្សិតចំនួន ២០នាក់»។
ប្រធានមន្ទីធម្មការ និងសាសនា រាជធានីភ្នំពេញ បានបន្តថា បេីតាមតួរលេខពិតប្រាកដ ព្រះសង្ឃនៅរាជធានីភ្នំពេញ មានជិត៨ពាន់អង្គ ប៉ុន្ដែមានព្រះសង្ឃប្រមាណ៥០០អង្គ បាននិមន្តទៅក្រៅប្រទេសដោយជាប់ការបិទ ឬធ្វេីចត្តាឡីស័ក នៅទីនោះ និងក៏មានព្រះសង្ឃមួយចំនួនបាននិមន្តទៅតាមខេត្តរួចចូលព្រះវស្សានៅទីនោះតែម្ដង ជាក់ស្ដែងព្រះសង្ឃនៅពេលនេះមានចំនួន ៧,៦១៧អង្គ។
លោក ទេព គង្គា បានបញ្ជាក់ថា វត្តនៅរាជធានីភ្នំពេញ មានចំនួន១៥៤វត្ត តែពេលនេះវត្ត ដែលយកសំណាករកមេរោគកូវីដ១៩ មានចំនួន១៥០វត្ត ចំណែក៤វត្ត ទៀត មានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកខ្លួនឯង៕