(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីយប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។
កិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦នេះ នឹងធ្វើឡើងក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ»។
សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតដែលជាអាទិភាពចំបង ការបន្តដាក់សម្ពាធលើសន្តិភាពនិងសន្តិសុខអន្តរជាតិ សារៈសំខាន់នៃពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។
សម្តេចតេជោ ក៏នឹងគូសបញ្ជាក់ផងដែរអំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា៕