(ព្រះវិហារ)៖ លោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ និងលោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំទេយ្យវត្ថុ និងបច្ច័យរបស់លោកទេសរដ្ឋមន្ត្រី មាស សុភានិងលោក ប្រាក់ សុវណ្ណ ទៅវេប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងស្រុកសង្គមថ្មី ជំនួសពិធីកាន់វេនបិណ្ឌ។
នៅក្នុងឱកាសនេះដែរ លោក យ៉ុង គឹមហ៊ាន និងលោក សំ លាងទ្រី បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនលោកតា លោកយាយាយពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងបាកគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាមទីវត្តអារាមនានានៅក្នុងខេត្តព្រះវិហារផងដែរ។
ស្របពេលដែលនៅតាមទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្អាកពិធីកាន់វេនបិណ្ឌ ចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះ លោក យ៉ុង គឹមហ៊ាននិងលោក សំ លាងទ្រី បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំបន្ថែមរបស់អាជ្ញាធរមូលដ្ឋានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វើការជួបជុំ ធ្វើការប្រមូលផ្តុំគ្នានៅក្នុងទីវត្តអារាមនោះទេ។
ជំនួសពិធីកាន់វេនបិណ្ឌ លោក យ៉ុង គឹមហ៊ាននិងលោក សំ លាងទ្រី និងក្រុមការងារ បាននាំទេយ្យវត្ថុនិងបច្ច័យរបស់លោកទេសរដ្ឋមន្ត្រី មាស សុភានិងលោក ប្រាក់ សុវណ្ណ វេប្រគេនព្រះសង្ឃចំនួន ៤វត្ត រួមមាន៖ វត្តតេជៈរង្សីហៅវត្តបឹង វត្តទួលពន្លៃសិរីមង្គល វត្តឧត្តមគីរីហៅវត្តស្លែងរអាងក្រោម និង វត្តទក្សិណគីរីហៅវត្តសំឡាញ។
ក្នុង ១វត្តទទួលបាន៖ អង្ករ១០០គីឡូក្រាម បច្ច័យ ៥០ម៉ឺនរៀល មីម៉ាម៉ា៣កេស ទឹកត្រី១យួរ ទឹកស៉ឺអ៉ឺ ១យួរ ទឹកបរិសុទ្ធ៣កេស ត្រីខ៣យួរ តែ១កញ្ចប់ធំ អំបិល២គីឡូក្រាម ប៊ីចេង២គីឡូក្រាមនិងស្កសរ៥គីឡូក្រាម និងផ្តល់ជូនរដ្ឋបាលស្រុកសង្គមថ្មីមានម៉ាស់ចំនួន ៣ពាន់ម៉ាស់ អាល់កុល៣កាន និងថវិកាចំនួន ៣លានរៀលផងដែរ។
ជាមួយគ្នានេះដែរលោកក៏ទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើង ពីជំងឺកូវីដ១៩៕