(កំពង់ឆ្នាំង)៖ ទោះបីជាវត្តព្រះអង្គមិនទាន់សំបូររុងរឿងយ៉ាងណាក៏ដោយនោះ ក៏ព្រះចៅអធិការវត្តគិរីធម្មរាជ នៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទឹកព្រះទ័យដ៏ប្រពៃថ្លៃថ្លា ក្នុងនាមជាពុទ្ធសាសនិកមួយអង្គ ប្រកបដោយព្រហ្មវិហារធម៌ តែងតែបាននាំយកធនធានផ្ទាល់របស់ព្រះអង្គ និងទេយ្យទានរបស់ញាតិញោម ផ្តល់តាមរយៈព្រះអង្គ ចុះប្រគេនជូនប្រជាពលរដ្ឋក្រីក្រ និងប្រគេនជូនព្រះសង្ឃគង់នៅតាមវត្តអារាម ក្នុងតំបន់ដាច់ស្រយាលកំពុងមានការខ្វះខាត ដើម្បីទ្រទ្រង់នៅក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ។

គិតចាប់ពីមុនពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២១ រហូតមកដល់ពេលនេះមានវត្តខ្វះខាតនៅតាមខេត្តជិត ២០វត្តរួចហើយ ដែលទទួលបានទេយ្យទានរបស់ព្រះអង្គ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក «ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម» និងជាប្រធានមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម ដោយក្នុងមួយវត្តទទួល បានបច្ច័យចំនួន ១,៥០០,០០០រៀល សម្រាប់ទ្រទ្រង់ចង្ហាន់នៅក្នុងពិធីកាន់បិណ្ឌចំនួន១៥វេន។

មានសង្ឃដិកា នៅក្នុងឱកាសបន្តនាំយកទេយ្យទានប្រគេនជូនវត្តរតនមុនីសាគរ ហៅវត្តទឹកហូត នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដិកាថា មិនថាឆ្នាំនេះ ឬឆ្នាំមុនៗទេព្រះអង្គ តែងតែនាំយកទេយ្យទាន ប្រគេនជូនវត្តដែលខ្វះខាត តបតាមការស្នើពីវត្តនីមួយៗ ដោយក្នុងឆ្នាំនេះទើបតែបានជិត២០វត្តប៉ុណ្ណោះ ខណៈដែលឆ្នាំមុនបាននាំយកទេយ្យទានរបស់ព្រះអង្គ និងសប្បុរសជន ចុះប្រគល់ជូនតាមវត្ត បានជាង៦០វត្តឯណោះ។ នៅឆ្នាំ២០២១នេះ បច្ច័យដែលញាតិញោមផ្តល់តាមរយៈព្រះអង្គ ត្រូវបានបែងចែកជូនប្រជាពលរដ្ឋជួបប្រទះការខ្វះខាតដោយសារកូវីដប្រមាណ ៣០០០គ្រួសារមកហើយ ក្នុងនោះក៏មានផ្តល់ជូនរដ្ឋបាល ស្រុក ដើម្បីជួយផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កផងដែរ។

ព្រះអង្គមានសង្ឃដីកាទៀតថា ដោយសារតែវត្តរបស់ព្រះអង្គជាវត្តមួយរាងដាច់ស្រយាលដែរ និងមិនទានមានភាពរុងរឿងច្រើន តែទេយ្យទានចែកជូន ភាគច្រើនគឺព្រះអង្គ ទទួលបានពីមកពីញាតិញោមពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដិកាបន្ថែមទៀតថា ទឹកចិត្តរបស់ញាតិញោម ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាពិសេសវត្តអារាម ដែលនៅក្នុងតំបន់ដាច់ស្រយាល ដែលមានការខ្វះខាត ដើម្បីជួយដល់វត្តអារាម ដែលជាកន្លែងផ្សព្វផ្សាយព្រះធម៌ និងអប់រំចិត្តមនុស្សឱ្យបានល្អប្រសើរ និងភាពស្ងប់ស្ងាត់ វៀចាកអំពើរអប្បាយមុខផ្សេងៗដែលមិនល្អ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្វះខាត ដែលជួបប្រទះជំងឺកូវីដគ្រប់រាជធានី-ខេត្ត ក៏ទទួលអំណោយពីសប្បុរសជននេះដែរ។

បន្ថែមពីនេះព្រះអង្គ និងនាំយកទេយ្យទានដែលមានចុះប្រគល់ជូនវត្តផ្សេងៗ ឱ្យបានកាន់តែច្រើនវត្តបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់ព្រះសង្ឃ និងកូននេន បានបន្តកាសិក្សារៀនសូត្រ ក្លាយជាកុលបុត្រមួយរូប ដើម្បីជួយលើកស្ទួយដល់វិស័យពុទ្ធសាសនា ក៏ដូចជាជួយដល់សង្គមផងដែរ។

ញាតិញោមមានសុទ្ធាជ្រះថ្លា ចង់ជួយដល់ព្រះសង្ឃនៅតាមវត្តអារាម និងជួយដល់ប្រជាពលរដ្ឋជួបការលំបាក ក៏អាចយកទៅដោយផ្ទាល់ជាមួយព្រះអង្គ ឫអាច តាមរយៈព្រះអង្គក៏បាន តាមលេខទូរសព្ទ៖ ០១១ ៤៤៤ ៤១៨, ០៨៦ ៤៤៤ ៤១៨ ឫ ABA: 011444418 Hoeum Sovannara ឫ Acleda TaonChet: 011444418 ។ ព្រះអង្គក៏បានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕