(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមវត្តមានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
នាឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ បានគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពរដ្ឋនៅទូទាំងប្រទេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការព្យាបាល ការឧបត្ថម្ភផ្សេងៗក្នុងអំឡុងពេល បិទខ្ទប់ ការស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកស្រី ម៉ែន សំអន បានស្នើអាជ្ញាធរនៅតាមមូលដ្ឋានខេត្តស្វាយរៀង បន្តតាមដាន និងផ្សព្វផ្សាយអនុសាសន៍ថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោកស្រី ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលដែលក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យបន្តបន្ទាប់ ជាពិសេសលទ្ធផល នៃការរក្សាសន្តិសុខ ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលទ្ធផលនៃការចាត់តាំងអនុវត្តទទួលបានជោគជ័យនូវផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងបាវិតយើងនេះ។
លោកស្រី ម៉ែន សំអន បានស្នើឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សពាក់ព័ន្ធទាំងអស់ ត្រូវមានភាពស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតី សតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន និងត្រៀមចូលរួមរាល់គ្របសកម្មភាព និងដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ។
ជាពិសេសត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារនូវសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរយៈពេល ៤៣ឆ្នាំកន្លងមកនេះ។
នៅក្នុងបរិបទកូវីដ១៩នេះ លោកស្រី បានសើ្នឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវបន្តតាមដាននូវសារនយោបាយ សេចក្តីសម្រេច និងអនុសាសន៍របស់សម្តេចតេជោ ដែលទាក់ទងនឹងវិធានការណ៍ថ្មីៗទាក់ទងនឹងយុទ្ធនាការ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ យកទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន និងសុំការយោគយល់ពីប្រជាពលរដ្ឋអំពីការផ្អាកនូវពិធីបុណ្យភ្ជុំបិណ្យ និងត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩។
បន្ថែមពីនេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគប្រភេទ Delta ឬប្រភេទបំប្លែងខ្លួនថ្មី។
ដោយឡែកលោក លី ធុជ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ជំនឿទុកចិត្ត និងផ្តល់ឱកាសឲ្យរូបលោក និងក្រុមការងារ បានចូលរួមការងារគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជាបានបំពេញការងារដោយផ្ទាល់នៅមូលដ្ឋានក្រុងបាវិត ក្រោមការណែនាំ និងការចង្អុរបង្ហាញរបស់លោកស្រី កិត្តិសង្គហបណ្ឌិត ក្នុងគោលដៅបន្តលើកកម្ពស់ប្រជាប្រិយភាព និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក លី ធុជ បានបញ្ជាក់បន្ថែមថា លោក និងក្រុមការងារ នៅតែចងចាំជាប់ជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីជាតិមាតុភូមិ និងការផ្តល់កំណើតទី២ ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាបន្តរក្សាការពារស្មារតីព្រលឹងជាតិ និងការចងចាំជាប់ជានិច្ចថ្ងៃ៧មករា ឲ្យកាន់តែខ្ពស់ត្រដឹមត្រដែត ដែលវីរជនជាតិរបស់យើង បានពលីសាច់ស្រស់ ឈាមស្រស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ដែលជាមគ្គុទេសក៍ឯក និងប្រតិបត្តិករ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ។
ប្រធានក្រុមការងារគណក្សចុះមូលដ្ឋានក្រុងបាវិតរូបនេះ បានបន្តទៀតថា «គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែផ្តល់ជីវិតថ្មី (កំណើតទី២) ជាប្រវត្តិសាស្រ្តមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា និងជួយសង្រ្គោះប្រជាជនឲ្យ រួចផុតពីរបបប្រល័យពូជសាសន៍ ដែលយើងនៅរស់រហូតដល់បច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងថ្មីៗនេះ បានផ្តល់នូវកំណើតថ្មីមួយទៀត ដែលយើងខ្ញុំតែងតែចាត់ទុកថាជាកំណើតទី៣ នៃយើងទាំងអស់គ្នា គឺការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោយបាយឡើយ»។
ជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ ដែលគ្មានតម្លៃណាយកមកប្រៀបបានរបស់គណបក្សប្រជាជនកម្ពុជា លោក លី ធុជ បានសម្តែងនូវការដឹងគុណជាអនេកប្បការជូនចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងបានតាំងចិត្ត និងប្តេជ្ញាចិត្តអស់ពីបេះដូងចូលរួមបំរើប្រជាពលរដ្ឋប្រៀបដូចជាទូក និងទឹក ដែលទូកប្រៀបដូចជា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ហើយទឹកប្រៀបដូចជាប្រជាពលរដ្ឋ និងជាម្ចាស់ឆ្នោត ត្រូវជួយថែទាំ គាំទ្រ និងពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចខ្វះមួយណាបានឡើង។
លោកក៏បានបេ្តជ្ញាចូលរួមជម្រុញ និងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រៀបដូចជាទន្លេមេគង្គ ដែលត្រូវបំរើប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វ័យ គ្រប់ជាតិសាសន៍ ដោយមិនប្រកាន់និន្នាការ ដោយឥតលក្ខខណ និងមិនខ្លាចនឿយហត់ឡើយ។
នារសៀលថ្ងៃដដែលនេះ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតថ្មី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ របស់គណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង និងប្រកាសទទួលស្គាល់សមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងបានជម្រុញ និងណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋាន តាមសង្កាត់ទាំង៥ គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់ រៀបចំផែនការសកម្មភាពលម្អិតសម្រាប់យុទ្ធនាការបោះឆ្នោត និងបន្តសកម្មភាពចូលរួមកសាងភាពស្និទ្ធស្នាល និងភាពស្អាតស្អំ រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា រវាងប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕