(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានច្រានចោល និងឆ្លើយតបជាមួយការផ្សព្វផ្សាយរបស់បណ្តាញសង្គម អំពីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ដោយបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ មិនមែនឡើងនៅពេលថ្មីៗនេះឡើយ។
តាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានបង្ហោះពីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Prius បានបុកជាមួយរ៉ឺម៉ក់លក់លតឆា ហើយបន្តទៅបុករថយន្តមួយគ្រឿងទៀត និងស្រ្តីអ្នកបើក បរបានប្រើពាក្យសំដីមិនសមរម្យ ដាក់សមត្ថកិច្ច។ តាមការស្រាវជ្រាវរួចមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ ហើយស្រ្តីអ្នកបើកបរក៏បានដោះស្រាយបញ្ចប់ ជាមួយភាគីពាក់ព័ន្ធរួចហើយដែរ។
លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយការសួរនាំរួចមកបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាករណីស្ត្រីម្នាក់បើកបរ រថយន្តក្នុងស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ចរារណ៍ ហើយប្រើប្រាស់កាយវិការ និងសម្តីមិនសមរម្យជាមួយមន្ត្រីចរាចរណ៍នៅខណ្ឌច្បារអំពៅ បានកើតឡើងតាំងពីវេលាម៉ោង១៦៖៥៥នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
លោក សាន សុខសីហា បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក Prius បើកបរដោយស្ត្រីម្នាក់ មិនចាំស្លាកលេខ ក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូរ៉ីម៉កលក់បាយឆា រួចបានបើកបន្តរត់គេចទៅមុខរហូត ដល់ក្បាលថ្នល់ក៏បានបុកជាមួយរថយន្តម៉ាក Vigo មិនចាំស្លាកលេខ ហើយក៏បានកម្លាំងសមត្ថកិច្ចឈរជើងនៅគោលដៅនោះឃាត់ យកមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
នៅពេលនោះ ទាំងប្តី និងបងថ្លៃរបស់ស្ត្រីបងបរក្នុងស្ថានភាពស្រវឹង ក៏បានមកដល់អធិការខណ្ឌច្បារអំពៅ ហើយក៏បានណែនាំដល់ស្រ្តីបើកបរ និងប្អូនថ្លៃរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហានៅកន្លែងសមត្ថកិច្ច។
បន្ទាប់មកគ្រោះថ្នាក់ចរារណ៍ខាងលើនេះ ផ្នែកជំនាញចរាចរណ៍ខណ្ឌ បានទាក់ទងទៅកម្លាំងជំនាញវាស់វែងរបស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការដោះស្រាយតាមនីតិវិធីបន្ត។
ក្រោយសាកសួរ និងត្រួតពិនិត្យជាតិស្រវឹងស្រ្តីម្នាក់នោះ ត្រូវបានសមត្ថកិច្ចផាកពិន័យតាមច្បាប់ទាក់ទងនឹងករណីបើកបរក្នុងស្ថានភាពស្រវឹង ហើយស្រ្តីបង្កនោះក៏បានយល់ព្រមទូទាត់សំណងទៅជនរងគ្រោះ អ្នកលក់បាយឆា ដើម្បីបញ្ចប់រឿង ចំណែកឯរថយន្ត Vigo ម្ចាស់គាត់ចុះមកឃើញស្រ្តីបង្កស្រវឹងគាត់ក៏បានបើកឡានចេញទៅ ដូច្នេះករណីនេះកើតឡើងប្រមាណ៣ឆ្នាំមកហើយ មិនមែនកើតឡើងនៅពេលថ្មីៗនេះ ដូចការផ្សព្វផ្សាយនាំឲ្យមានការ យល់ច្រឡំនោះឡើយ៕