(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ នាយិការខុទ្ទកាល័យរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាំយកនូវផ្លែដូងក្រអូបដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពចំនួន៧០០ផ្លែ ដែលដាំដោយផ្ទាល់ដៃរបស់សម្ដេច ទៅប្រគល់ជូនដល់កុមារ ដែលរស់នៅអង្គការអាហ្វេស៊ីបកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ដោយក្ដីនឹករលឹក អាណិតអាសូរចំពោះចៅៗ ដែលធ្លាប់រងគ្រោះកន្លងមក ដោយការំលោភសេពសន្ថវៈពីឪពុក ឬជីតាខ្លួន រងនូវអំពើហិង្សាក្នុងគ្រួសារ និងខ្លះទៀតត្រូវឪពុកម្ដាយបោះបង់ចោល ក្លាយជាក្មេងកំព្រា បានមករស់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ខ្ពស់ ផ្ដល់ក្ដីអាណិតស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជួយផ្គង់ផ្គត់ ផ្ដល់ភាពកក់ក្ដៅ និងសេចក្ដីសង្ឃឹមជូនចៅៗ ដោយមិនរំលង ទោះស្ថិតនៅកំលុងការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃនេះ «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យខ្ញុំជាតំណាង នាំយកនូវផ្លែដូង ដែលជាទិន្នផលកើតចេញពីការខិតខំដាំដុះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតដោយផ្ទាល់ យកមកជូនកូនៗចៅៗនៅក្នុងអង្គការនេះ ជាមួយនឹងការផ្ដាំផ្ញើសួរសុខទុក្ខ ផ្ដល់ជាកម្លាំងចិត្ដ ជូនដល់កូនៗចៅៗ មិនឱ្យឯកានោះឡើយ។ ទោះសម្ដេច មិនបានអញ្ជើញមកផ្ទាល់ តែសម្ដេចបានទំនាក់ទំនងសួរសុខទុក្ខដល់ចៅៗជាប់ជានិច្ច តាមបណ្ដាញសង្គម ឬតាមរយៈទូរស័ព្ទជាដើម»។
លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា «ថ្វីត្បិតតែ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយារបស់នាយករដ្ឋមន្ដ្រីកម្ពុជា តែសម្ដេច នៅតែដាំដុះបន្លែផ្លែឈើដោយផ្ទាល់ ម្យ៉ាងដោយសារតែមាតាមនុស្សធម៌ កើតក្នុងត្រកូលជាកសិករផង និងមានចំណង់ចំណូលដាំដុះផងនោះ។ដូច្នេះ ផ្លែដូងដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពក្មេងៗ បានបង្ហាញនូវទឹកចិត្ដនៃសេចក្ដីស្រលាញ់ និងការគិតគូរ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនចៅៗ ដែលកំពុងរស់នៅដ៏កក់ក្ដៅនៅអង្គការអាហ្វេស៊ីបកម្ពុជា ក្នុងអគារដ៏ធំស្កឹមស្កៃ ដែលបានផ្ដល់ជូនដោយ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
លោកស្រី បានថ្លែងបន្ដថា ផ្លែដូងដែលជាស្នាដៃនៃការដាំដុះថែទាំដោយផ្ទាល់ ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនត្រឹមតែផ្ដល់ជូនចៅៗនៅអង្គការនេះនោះទេ កន្លងមកក៏បានឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ។ ក្រៅពីផ្លែដូងនេះ ក៏មាននូវពោត និងទិន្នផលធម្មជាតិជាច្រើនទៀត ដែលជាការដាំដុះដោយផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានលើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ និងរំភើបជំនួសចៅៗ ហើយនេះក៏ជាឱកាសមួយដ៏ពិសេស ដែលខ្ញុំបានចូលរួមក្នុងការបំពេញការងារ ក្នុងការលើកទឹកចិត្ដទៅដល់ក្មេង និងបង្កើតភាពសិទស្នាលបន្ថែមទៀតជាមួយក្មេងៗដែលរស់នៅទីនេះ»។
ក្នុងឱកាសនោះដែរ ក្មេងៗកុមារ បានសម្ដែងនូវការរំភើបរីករាយយ៉ាងខ្លាំង ដែលទទួលបានក្ដីអាណិតស្រលាញ់ ការយកចិត្ដទុកដាក់ និងការលើកទឹកចិត្ដពី ឧត្ដមភរិយារបស់នាយករដ្ឋមន្ដ្រីកម្ពុជា ដែលនេះជាការផ្ដល់កម្លាំងចិត្ដដល់កុមារៗដែលកំពុងរងនូវសម្ពាធផ្លូវចិត្ដនេះ មានសេចក្ដីសង្ឃឹមក្នុងការរស់នៅ និងបំបាត់នូវក្ដីទុកសោកសៅដែលធ្លាប់ជួបប្រទះកន្លងមក ហ៊ានប្រឈម និងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីកសាងអនាគត ជានារីដ៏រឹងមាំ ខ្លាំងពូកែ ដើរតាមគំរូ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ទន្ទឹមនឹងនោះ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកនៃអង្គការអាហ្វេស៊ីបកម្ពុជា បានថ្លែងនូវអំណរគុណដល់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបាននៅក្បែរកូនៗនិងចៅគ្រប់ពេល ស្រលាញ់កូន និងយកចិត្ដទុកដាក់គ្រប់យ៉ាង។ លើសពីនោះ ក៏សូមអរគុណដល់សន្ដិភាព អរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាសម្ដេចពុកដែលមានគុណធំបំផុត មិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យប្រទេសមួយនេះ មានសុខសន្ដិភាពយ៉ាងយូរអង្វែង កូនចៅមានសិទ្ធរស់នៅ ដោយភាពសប្បាយរីករាយ គ្មានការភ័យខ្លាច។ ដូច្នេះនៅក្នុងឱកាសនេះ កូនចៅទាំងអស់គ្នា សូមគោរពថ្លែងការដឹងគុណរបស់សម្ដេចពុក សម្ដេចម៉ែ ។ ជាពិសេសនឹងប្ដេជាចិត្ដ ធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើរតាមគន្លងធម៌របស់លោកទាំងពីរជានិច្ច។
សូមជម្រាបនៅក្នុងឱកាសនាំយកនូវផ្លែដូង ចំនួន ៧០០ផ្លែ ជូនដល់កុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា ក៏មាននូវអំបុក ផ្លែចេក នំភីហ្សា និងនំដូណាត់ ដែលជាចំណង់ចំណូលចិត្ដរបស់កុមារៗផងដែរ៕
http://freshnewsasia.com/index.php/en/localnews/214138-2021-09-25-09-20-11.html