(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋបាលក្រុងស្រុកត្រូវសម្របសម្រួលកិច្ចចាំបាច់មួយចំនួន នៅតាមវត្តអារាមដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តស្វាយរៀងក៏បានណែនាំឱ្យគ្រប់វត្តអារាម អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ ត្រូវអនុវត្តដូចខាងក្រោម៖

ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ទី២៖ រដ្ឋបាលក្រុង-ស្រុកត្រូវធ្វើការសម្របសម្រួលដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៣៖ មន្ទីរធម្មការ និងសាសនាខេត្ត និងអាជ្ញាធរក្រុង-ស្រុកត្រូវយកចិត្តទុកដាក់តាមដានការអនុវត្តសេចក្តីណែនាំនេះនៅតាមវត្តអារាមឲ្យមានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀង៖