(កំពង់ចាម)៖ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ យកអំណោយប្រគល់ជូនប្រជាពលរដ្ឋ៣០គ្រួសារ ដែលមានបញ្ហាជីវភាព។
អំណោយរបស់លោក ហ៊ុន ណេង ដែលត្រូវបានលោក សោ សាវឿន យកទៅប្រគល់ជូនប្រជាពលរដ្ឋនាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស់ ១ដុំ, អាលកុល ១ដប, ថវិកា១០០,០០០រៀល។ ក្នុងនោះក៏បានជូនក្រុមការងារឃុំ ថវិកា៣០០,០០០រៀល ព្រមទាំងម៉ាស និងអាកុលមួយចំនួនផងដែរ។ បន្ថែមពីនេះ លោកក៏បានដោះស្រាយសំណើការចំណាយរបស់គណបក្សមូលដ្ឋានឃុំនូវថវិកា ចំនួន១២,៤៥៥,០០០រៀល។
ថ្លែងក្នុងឱកាសនោះ លោក សោ សាវឿន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់លោក ហ៊ុន ណេង ជូនប្រជាពលរដ្ឋទាំងអស់នោះផងដែរ។ លោក សោ សាវឿន ក៏បានណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ ត្រូវតែយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ៣ការពារ និង៣កុំ ដើម្បីយកឈ្នះលើជំងឺកូវីដ១៩៕