(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បានចោទប្រកាន់អាជ្ញាធរថា បានលក់ទីស្នាក់ការសាលាបុណ្យនៅក្នុងភូមិ ដើម្បីយកទៅធ្វើមណ្ឌលសុខភាព តែប្រជាពលរដ្ឋអស់ជំនឿ គ្មានទុកចិត្តទៀត។ ភាពអស់ជំនឿនោះ គឺដោយសារ នាពេលកន្លងទៅ អាជ្ញាធរខណ្ឌ បានលក់មណ្ឌលសុខភាពរួចមកហើយ។
ប្រជាពលរដ្ឋជិត២០០គ្រួសារនេះ បាននាំគ្នាទៅតវ៉ា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ភ្លើងឆេះរទេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានមន្រ្តីសាលាខណ្ឌចុះមកជួប និងជួយដោះស្រាយនោះទេ។
បើតាមប្រជាពលរដ្ឋ ទីស្នាក់ការសាលាបុណ្យនេះ គឺមានតាំងពីយូរណាស់មកហើយ ដែលពួកគាត់ធ្វើបុណ្យទានផ្សេងៗ ប៉ុន្តែអាជ្ញាធរឃុបឃិតគ្នា យកទៅលក់យ៉ាងដូច្នេះ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ទីតាំងសាលាឆាន់នេះជាកម្មសិទ្ធិរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដូច្នេះខាងមន្ទីរយកទៅធ្វើជាមណ្ឌលសុខភាព វាអាស្រ័យលើភាគីមន្ទីរសុខាភិបាល ហើយប្រជាពលរដ្ឋមកតវ៉ានោះ ជារឿងរបស់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ លោក ហែម ដារិទ្ធ បានបញ្ជាក់ថា លោកនឹងចុះទៅសម្របសម្រួល ជាមួយប្រជាពលរដ្ឋ នៅទីនោះ៕
Posted by Fresh News Photo on Sunday, April 3, 2016