(ភ្នំពេញ)៖ អតិថិជនរាប់រយគ្រួសារដែលបានទិញដីឡូត៌ពីម្ចាស់បុរី កាំង ម៉េង បានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាចប់សព្វគ្រប់អស់ហើយ តែរហូតមកដល់ពេលនេះមាន រយៈពេលជាង១០ឆ្នាំហើយ ភាគីម្ចាស់បុរីដែលជាអ្នកលក់នៅមិនទាន់ប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) មកឲ្យភាគីអ្នកទិញនៅឡើយទេ ធ្វើឲ្យអតិថិជនជួបការលំបាកយ៉ាងខ្លាំង ក្នុងការប្រើប្រាស់ដីដែលខ្លួនទិញ។
មេធាវីតំណាងឲ្យអតិថិជនទិញដីឡូត៌នៅបុរី កាំង ម៉េង បានថ្លែងប្រាប់ឲ្យដឹងថា អតិថិជនបានចុះកិច្ចព្រមព្រៀងទិញដីឡូត៌ពីបុរី កាំង ម៉េង តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលពីមុនមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបច្ចុប្បន្ន ផ្នែកខ្លះនៃទីតាំងបុរីនេះបានកាត់ចូលមករាជធានីភ្នំពេញ ដោយខាងភាគីបុរី បានសន្យាពេលអតិថិជនបង់លុយគ្រប់ ខាងបុរី នឹងរត់ការផ្ទេរកម្មសិទ្ធិមកឲ្យអតិថិជនមិនឲ្យមានបញ្ហាអ្វីឡើយ។
ប៉ុន្តែរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំទៅហើយ ខាងម្ចាស់បុរីនៅមិនទាន់ប្រគល់ប័ណ្ណកម្មសិទ្ធិមកឲ្យអតិថិជននៅឡើយទេ ពេលអតិថិជនសួរនាំ ចេះតែឆ្លើយដោះសារអញ្ចេះអញ្ចុះរហូតមក។ មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៩ មេធាវីតំណាងឲ្យអតិថិជនទិញដីឡូត៌នៅក្នុងបុរី កាំង ម៉េង ធ្លាប់បានធ្វើលិខិតជូនដំណឹង ទៅខាងម្ចាស់បុរី និងធ្វើលិខិតសុំអន្តរាគមន៏ទៅក្រសួងរៀបចំដែនដីទៀតផង ហើយតាមរយៈកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ប្លង់ត្រូវបានបំបែកជាឡូត៌ និងបានប្រគល់ឲ្យម្ចាស់បុរីរួចរាល់ហើយដែរ ប៉ុន្តែហូតមកដល់ពេលនេះម្ចាស់បុរី នៅតែមិនទាន់ធ្វើការផ្ទេរសិទ្ធិមកឲ្យអតិថិជនរបស់ខ្លួនទៀត គឺបានត្រឹមតែឲ្យមេធាវីធ្វើលិខិតឆ្លើយតបលើកហេតុផលផ្សេងៗមកធ្វើជាលេសតែប៉ុណ្ណោះ។
បញ្ហាទាំងអស់នេះ បានធ្វើឲ្យអតិថិជនមានការខាតបង់ទាំងពេលវេលា និងផលប្រយោជន៍យ៉ាងច្រើនឥតគណនា ដោយរួមទាំងការខកខានក្នុងការ បំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗជូនរដ្ឋផងដែរ។
ដោយសារតែមិនអាចអត់ទ្រាំបានតទៅទៀត ពួកគាត់ក៏សំរេចពឹងពាក់មេធាវីធ្វើលិខិតជូនដំណឹងជាលើកចុងក្រោយ ដើម្បីទាមទារឲ្យភាគីម្ចាស់បុរី កាំង ម៉េង បំពេញកាតព្វកិច្ចផ្ទេរ កម្មសិទ្ធិមកឲ្យពួកគាត់ដោយទុករយះពេល១៥ថ្ងៃ បើមិនដូច្នោះទេ ពួកគាត់នឹងមានវិធានការផ្សេងៗទៅតាមផ្លូវច្បាប់ជាបន្តទៀត។
ខាងក្រោមនេះជាលិខិតរបស់មេធាវីតំណាងឲ្យអតិថិជន ដែលបានទិញដីឡូត៌នៅបុរី កាំង ម៉េង ជូនដំណឹងទៅភាគីអ្នកលក់ឲ្យបំពេញកាតព្វកិច្ចផ្ទេរកម្មសិទ្ធិ៖