(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
កិច្ចប្រជុំនេះ មានលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៉ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទំនាក់ទំនងអាស៊ាន-ស.រ.អា និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម ក្នុងនោះរួមកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាឆ្លងកាត់ព្រំដែន ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ។ចំពោះទំនាក់ទំនងអាស៊ាន-ស.រ.អា អាស៊ានបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាពហុភាគីនិយម មជ្ឈភាពអាស៊ាន និងបានកោតសរសើរតួនាទីរបស់ស.រ.អា នៅក្នុងការអភិវឌ្ឍតំបន់ សមាហរណកម្មតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈគំនិតផ្តួចផ្តើមតំបន់ និងអនុតំបន់នានា។
អាស៊ានបានកត់សម្គាល់ការប្តេជ្ញារបស់ស.រ.អា ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់ ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក និងគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រទាំង៤។ អាស៊ានបានស្វាគមន៍ចំពោះសំណើស.រ.អា ក្នុងការពង្រីកទំនាក់ទំនងអាស៊ាន-ស.រ.អា ក្នុងវិស័យដឹកជញ្ជូន សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចស្រ្តី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ហើយរំពឹងដល់ការធ្វើសកម្មភាពរួមគ្នានាពេលដ៏ខ្លីខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដ៏ធំធេងរបស់ជំងឺនេះ និងធានាការស្តារសេដ្ឋកិច្ចឡើងវិញឱ្យរឹងមាំ។
អាស៊ានបានសម្តែងការកោតសរសើរដល់ការប្តេជ្ញារបស់ស.រ.អា ចំពោះសកម្មភាពគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាតសកល ក៏ដូចជាការផ្តល់វ៉ាក់សាំងចំនួនជាង ២៣លានដូស និងទឹកប្រាក់ជិត ១៦០លានដុល្លារ ក្នុងក្របខ័ណ្ឌជំនួយសម្រាប់សង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់ប្រទេស ជាសមាជិកអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់អាស៊ាន ក្នុងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលភាពបន្ទាន់ផ្នែកសុខភាពសាធារណៈអាស៊ាន។
នៅក្នុងកិច្ចប្រជនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងស.រ.អា បានចែករំលែកទស្សនៈថា វ៉ាក់សាំងមិនគួរយកមកធ្វើជាឧបករណ៍នយោបាយ និងសារៈសំខាន់នៃលើកកម្ពស់សមភាពក្នុងការទទួលបានវ៉ាក់សំាង និងការចាក់វ៉ាក់សំាងដល់ប្រជាជនជុំវិញពិភពលោកឱ្យបានឆាប់រហ័សបំផុត។
កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះសំណើសេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន-ស.រ.អា ស្តីពីការអភិវឌ្ឍឌីជីថល ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ស.រ.អា លើកទី៩ នៅខែតុលា ឆ្នាំ២០២១ ហើយដែលអាចនឹងពង្រឹងការត្រៀមខ្លួនរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ទំនាក់ទំនងឌីជីថល និងគម្លាតការអភិវឌ្ឍព័ត៌មានវិទ្យា (ICT) នៅក្នុងអាស៊ាន។
កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានសារសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងការព្រួយបារម្ភពីទំនាក់ទំនងរបស់ប្រទេសមហាអំណាច។ អាស៊ានបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទនងដែលមានភាពនឹងនរ និងផ្តល់ផលប្រយោជន៍ ជាជាងការប្រកួតប្រជែងរវាងចិន និងស.រ.អា ព្រោះវាអាចជួយរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជារក្សានូវកំណើនសេដ្ឋកិច្ច។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ស.រ.អា ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ លោកបានសម្តែងនូវសុទិដ្ឋិនិយមថា អាស៊ាន និងស.រ.អា នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងស.រ.អា ព្រមទាំងជាមួយ នឹងប្រទេសនានាក្នុងសកលលោកផងដែរ។
ចំពោះបញ្ហាតំបន់ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកការព្រួយបារម្ភអំពីផលអវិជ្ជមានដែលបណ្តាលមកពីភាពស្មុគស្មាញដែលកំពុងតែកើនឡើង និងភាពធ្ងន់ធ្ងរនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ៕