(ភ្នំពេញ)៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ និងវាយប្រហារលើសម្តេចថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាចេតនាក្នុងការលុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនារបស់ខ្មែរ។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងមនុស្សមួយចំនួន បានបង្ហាញនូវទស្សនៈអវិជ្ជមាន និងខ្វះការថ្លឹងថ្លែងដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ចង់លុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ បន្ទាប់ពីសម្តេចបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ក្នុងសារសំឡេងព្រឹកនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីរបស់ខ្មែរណាមួយនោះឡើយ តែក្នុងឱកាសនេះត្រូវចាត់វិធានការទាំងឡាយជាដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឱ្យបាន។ វាលនេះ គឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល៣នេះ នេះហើយជាវាលទី៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន»។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចមិនអាចទទួលបានឡើយចំពោះការចោទប្រកាន់សម្តេចពីសំណាក់ក្រុមប្រឆាំង និងមនុស្សមួយចំនួននោះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងបានខិតខំច្រើនណាស់ ដើម្បីការពារជីវិតប្រជាជន។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទទួលយកមិននូវការទិះដៀលរបស់ពួកប្រឆាំងមួយចំនួនដែលលើកឡើងមិនសមហេតុ មិនសមផល។ ឱ្យពួកគេនិយាយទៅតាមអ្វី ដែលពួកគេនិយាយទៅចុះ តែយ៉ាងហោចណាស់ខ្ញុំព្រះករុណាបានសង្គ្រោះជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងជំងឺកូវីដ១៩»។
ក្នុងសំឡេងពិសេសនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសូមការយោគយល់ផងដែរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ចំពោះការសម្រេចដ៏លំបាកនេះ ព្រោះអ្វីដែលសម្តេចត្រូវជ្រើយកជាអាទិភាព គឺការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការរក្សាជីវិតឱ្យគង់ គឺនឹងមិនខ្វះពេលវេលាធ្វើបុណ្យទាននោះឡើយ៕