(តាកែវ)៖ រយៈពេល ៨ថ្ងៃហើយ ដែលអាជ្ញាធរខេត្តអានយ៉ាង ប្រទេសវៀតណាម ចាប់ និងឃុំខ្លួនស្រ្តីខ្មែរ ៤នាក់ ដែលជាកូនប្រពន្ធរបស់អ្នកមានមុខមាត់ម្នាក់នៅក្នុងខេត្តតាកែវ។ បើទោះបីជាអាជ្ញាធរខេត្តតាកែវ បានបញ្ចូនអភិបាលរងខេត្តតាកែវម្នាក់ រួមនិងមន្រ្តីសាលាខេត្តទៅចចារដល់ក្រុងឡុងសៀន ខេត្តអានយ៉ាង ដើម្បីសុំឲ្យវៀតណាម ដោះលែងយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ ស្រ្តីជនជាតិខ្មែរទាំង ៤នាក់ នៅមិនទាន់ត្រូវបានដោះលែងនៅឡើយទេ។
ពាក់ព័ន្ធបញ្ហានេះ លោក យស់ ណាស៊ី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តតាកែវ បានប្រាប់Fresh News នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះថា ស្រ្តីជនជាតិខ្មែរទាំង ៤នាក់ ត្រូវបានព្រះរាជអាជ្ញាវៀតណាម ចោទប្រកាន់ពីបទចូលប្រទេសវៀតណាម តាមច្រករបៀងដោយខុសច្បាប់។ ចំណែករឿងនាំចូលលុយជាង ១ពាន់លានដុងនិង គ្រឿងអលង្ការមួយចំនួននោះ មិនត្រូវបានធ្វើការចោទប្រកាន់ទេ។
លោក យស់ ណាស៊ី បានសង្កតធ្ងន់ថា «បញ្ហានេះ វាពាក់ព័ន្ធស្ថាប័នចំនួន៧ របស់វៀតណាម ក៏ប៉ុន្តែ៥ស្ថាប័ន បានយល់ព្រមដោះលែង និងនៅសល់តែ២ស្ថាប័នទៀតប៉ុណ្ណោះ ដែលកំពុងធ្វើការពិចារណា។ មួយថ្ងៃ ឬពីរថ្ងៃទៀត គេអាចនិងដោះលែងហើយ»។
បើតាមលោក យស់ ណាស៊ី អ្នកនាំពាក្យសាលាខេត្តតាកែវ បច្ចុប្បន្នស្រ្តីខ្មែរទាំង៤នាក់ខាងលើ ត្រូវបាននាំចេញពីស្នាក់ការនគបាលក្រុងចូវដុក យកទៅឃុំខ្លួនបន្តនៅក្រុងឡុងសៀន ទីរួមខេត្តអាងយ៉ាង។ ពួកគេទាំង ៤នាក់ មានសុខភាពល្អជាធម្មតា ដោយឡែកក្រុមគ្រូសារ ក៏បានទៅសួរសុខទុក្ខដល់ទីនោះផងដែរ។
សួមបញ្ជាក់ថា ស្រ្តីខ្មែរទាំង ៤រូប ដែលជាកូនប្រពន្ធអ្នកមានមុខមាត់ នៅក្នុងខេត្តតាកែវ ខាងលើត្រូវបានអាជ្ញាធវៀតណាម ឃាត់ខ្លួនកាលពីម៉ោងជាង៨ព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារទឹកកំពង់ក្រសាំង-យានដុង ស្រុកអាងភូ បន្ទាប់ពីពួកគេទាំង៤នាក់ បានធ្វើដំណើរតាមទូកឆ្លងចូលទៅប្រទេសវៀតណាម ដោយមានគ្រឿងអលង្ការ និងលុយដុងមួយចំនួនធំផងដែរ៕