(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បទល្មើសកាប់ទន្ទ្រានដីព្រៃធម្មជាតិដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានកើតឡើង២០១ករណី ផ្ទៃដីជាង៦១៩ហិចតា ត្រូវបានជនខិលខូចកាប់ទន្ទ្រាន ដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងឧទ្យានជាតិ ពីចំណុចភូមិត្រពាំងរពៅ សង្កាត់ព្រែក ត្នោត ក្រុងបូកគោ រហូតដល់ភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ក្នុងនោះការទន្ទ្រានទ្រុងទ្រាយធំមួយកន្លែងមានទំហំប្រមាណ៣០០ហិកតា។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ឥឡូវនេះក្រសួងបរិស្ថាន ក្រសួងបរិស្ថាន ដាក់លិខិតផ្លូវការទៅកាន់រដ្ឋបាលខេត្តកំពត ដើម្បីដកហូតដីជាទ្រព្យសម្បត្តិរដ្ឋ និងកសាងសំណុំរឿងទៅតុលាការ។

លោកថានេះមិនទាន់គិតពីជនខិលខូចមួយចំនួនបានយកឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីដែលធ្លាប់ត្រូវបានក្រសួងបរិស្ថានក៏ដូចជារាជរដ្ឋាភិបាលបដិសេធនិងប្រកាសជាមោឃៈរួចហើយយកមកធ្វើជាលេសដើម្បីធ្វើសកម្មភាពឈូសឆាយ កាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃក្នុងឧទ្យាន និងធ្វើការលក់ដូរបន្តនោះទេ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» តាមរយៈប្រព័ន្ធអនឡាយ (Zoom Meeting) កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ថ្មី ។ លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់នូវទិន្នន័យគ្រាន់តែនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មួយគិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកកក្កដា ឆ្នាំ២០២១ យើងបានមើលឃើញថា មានការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ គឺចំនួន២០១ករណី ដែលមានទំហំផ្ទៃដី ៦១៩ហិចតា ដែលឥឡូវនេះក្រសួងបរិស្ថាន បានដាក់លិខិតផ្លូវការទៅកាន់រដ្ឋបាលខេត្តកំពត ដើម្បីស្នើឱ្យឯកឧត្តមអភិបាលខេត្ត ដែលប្រធានគណៈបញ្ជាការឯកភាពខេត្តចេញដីកាដកហូត ដីដែលរុករានទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះ និងដីមួយចំនួនដែលរងការទន្ទ្រានកាន់កាប់ គឺយើងនឹងដាក់បណ្តឹងទៅកាន់តុលាការដើម្បីអនុវត្តតាមច្បាប់»

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បានពង្រឹងនៅតាមតំបន់ការពារធនធានធម្មជាតិផ្សេងៗទៀត ពីព្រោះនេះជាបញ្ហាប្រឈមមួយដែលត្រូវធ្វើហើយ ក្រសួងបរិស្ថាន បាននឹងកំពុងតែសហការជាមួយរដ្ឋបាលខេត្តដើម្បីធ្វើការដកហូតនូវដីដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ការទិញដូរ លក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថាន បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីនេះ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្លាប់បានគូសបញ្ជាក់ថា ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ គឺជាបទល្មើសដែលត្រូវប្រឈមមុខច្បាប់ ហើយពលរដ្ឋទាំងអស់មិនត្រូវចាញ់បោកមេខ្យល់ ឬក្រុមឈ្មួញទុច្ចរិត ដែលបោកប្រាស់នោះទេ ព្រោះក្រសួងបរិស្ថានបដិសេធមិនទទួលស្គាល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតលក់ដូរដី ដែលបានមកពីការកាប់រុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់ឡើយ ទោះជាមានការទទួលស្គាល់ពីភូមិ-ឃុំ ឬស្រុកក្តី។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លែង ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗ ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម។ល។ ដែលមានប្រជាពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។

គួររំឭកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានបន្ថែមលើស្មារតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី០៣ ខែកក្កដា តាមរយៈការប៉ុស្តិ៍នៅលើហ្វេសប៊ុកសម្តេចដោយដាក់សង្កត់ធ្ងន់ថា «ជនឆ្លៀតឱកាសពីការបែងចែកនិងទទួលដីធ្លីនឹងត្រូវមានទោស»

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងទាំង៣ រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់សិក្សាកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលយូរឆ្នាំមកហើយ ក្នុងតំបន់អភិរក្សតំបន់ដែនជម្រកសត្វព្រៃ និងតំបន់ការពារផ្សេងៗទៀត របស់រដ្ឋនៅក្នុងនោះ សម្តេចតេជោនាយក រដ្ឋមន្ត្រីបានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗ ដែលខ្ញុំសូមអនុញ្ញាតដកស្រង់ប្រសាសន៍ដើមទាំងស្រុងដូច្នេះថា៖

ទី១៖ ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើគឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែមគឺមិនអនុញ្ញាតជាដាច់ខាត។ សម្តេចតេជោបានថ្លែងថា កន្លងមក សម្តេចតេជោបានសង្កេតឃើញតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋមួយយប់ ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងបានកំណត់អត្តសញ្ញាណនិងមុខសញ្ញាអស់ហើយដែរ។ សម្តេចតេជោបានលើកឡើងថា បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តមែននោះ គឺនឹងត្រូវចាប់ខ្លួន។

ទី២៖ ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

និងទី៣៖ ក្រៅពីកាត់ឆ្វៀលដីជូនពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងត្រូវបន្ថែមផ្ទៃដី១០% ជាប្រយោជន៍រួម សម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោ ក្របី ស៊ីស្មៅជាដើម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សាជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យស្តុកស្តម្ភទាំងឡាយល្មមចេះឆ្អែត និងគ្រប់គ្រាន់ហើយ ហើយត្រូវឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕