(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះថា កិច្ចសន្ទនាសម្ងាត់ណាមួយដែលមានអង្គការចាត់តាំងខុសច្បាប់ ក្នុងចេតនាទុច្ចរិតបំផ្លាញផលប្រយោជន៍ជាតិ ប៉ះពាល់ដល់សន្តិសុខជាតិ គឺមិនត្រូវបានការពារដោយច្បាប់ ហើយក៏មិនមែនការការពារសិទ្ធិសេរីភាពនោះទេ។

លោក ជិន ម៉ាលីន បានថ្លែងថា ជាគោលការច្បាប់ ក៏ដូចជាគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ កិច្ចសន្ទនាសម្ងាត់របស់បុគ្គលឯកជន គឺជាការអនុវត្តសិទ្ធិសេរីភាព ជីវិតឯកជនរបស់បុគ្គល ហើយត្រូវបានការពារដោយច្បាប់ ដូច្នេះ កិច្ចសន្ទនាសម្ងាត់បែបនេះ គឺមិនមាននរណាម្នាក់អាចរំលោភបំពានបានទេ។ «ក៏ប៉ុន្តែ ក៏មានកិច្ចសន្ទនាសម្ងាត់មួយទៀត ដែលច្បាប់អត់ការពារហើយមិនមែនជាអនុវត្តសិទ្ធិសេរីភាព ជីវិតឯកជនរបស់បុគ្គលទេ ជាពិសេសគឺកិច្ចសន្ទនាសម្ងាត់របស់ក្រុមអង្គការ ឬចលនាចាត់តាំងខុសច្បាប់ ហើយធ្វើឡើងនៅក្នុងចេតនាទុច្ចរិត ដូចជាការរៀបចំ ផែនការផ្តួលរំលំរដ្ឋាភិបាល រៀបចំផែនវិស្សទ្ធនា បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ ផលប្រយោជន៍របស់ជាតិ ជាដើម។ល។ អាហ្នឹងគេថា មិនមែនជាកិច្ចសន្ទនាសម្ងាត់ដែលច្បាប់ការពារ ហើយក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពជីវិតឯកជនរបស់បុគ្គលដែរ»។

ជុំវិញករណីនេះដែរ លោក ជិន ម៉ាលីន ក៏បានលើកឡើងជាឧទាហរណ៍ថា ដូចជាសហរដ្ឋអាមេរិក ក្រុម CIA គេអាចស្តាប់កិច្ចសន្ទនារបស់ក្រុមអាល់កៃដា ឬក្រុមជីហាត ដែលគេចាត់ទុកថាជាអង្គការ ឬក៏ចលនា ឬក្រុមភេរវកម្មខុសច្បាប់ ដើម្បីការពារថែរក្សាសន្តិសុខរបស់ជាតិគេ គឺគេអាចចូលស្តាប់បាន ហើយធ្វើកិច្ចអន្តរាគមន៍ ក្នុងការបង្ក្រាបទប់ស្កាត់បាន។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់បន្ថែមថា៖ «អញ្ចឹងអាកិច្ចសន្ទនាសម្ងាត់ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប៉ះពាល់ដល់សន្តិសុខជាតិ គឺមិនត្រូវបានការពារដោយច្បាប់ ហើយក៏មិនមែនការការពារសិទ្ធិសេរីភាព ជីវិតឯកជន ដែលច្បាប់ការពារនោះដែរ ហើយសមត្ថកិច្ចអាចមានសិទ្ធិធ្វើការតាមដាន ធ្វើការអង្កេត ឬចូលស្តាប់ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា សាធារណៈជនក៏អាចធ្វើការអង្កេត ចូលស្តាប់បានដែរ ហើយធ្វើការរាយការណ៍ សហការជូនសមត្ថកិច្ច ដើម្បីមានវិធានការណ៍ទប់ស្កាត់បានទាន់ពេលវេលា»