(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនគ្រួសារទីទ័លក្រចំនួន២គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស ហេីយបានប្តូរទីលំនៅមករស់នៅលេីដីសម្បទានតំបន់ខ្សាច់ស ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះលោកស្រីបានពាំនាំការអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលអនុវត្តតាមវិធានសុខាភិបាល និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដេីម្បីចូលរួមទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ និងគិតគូររួមគ្នាក្នុងការស្តារសេដ្ឋកិច្ចជាតិក្រោយកូវីដ១៩។

លើសពីនេះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សូមប្រជាពលរដ្ឋទាំងអស់ឱ្យប្រឹងប្រែងប្រកបរបរបង្កបង្កេីនផល ដេីម្បីជីវភាពគ្រួសារ ដូចពាក្យចាស់ថា «រពឹសដៃផ្ទៃឆ្អែត» ហេីយត្រូវលេីកកម្ពស់ការរក្សាអនាម័យ បរិភោគទឹកឆ្អិន ដេកក្នុងមុងជានិច្ច និងសូមរស់នៅដោយក្តីសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណ អភិបាលនៃគណៈអភិបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធ្វេីរបងព័ទ្ធជុំវិញផ្ទះ ផ្តល់ពូជដំណាំ សម្ភារកសិកម្ម អាងចិញ្ចឹមត្រី-ល-។ ជូនដល់គ្រួសារចំណូលថ្មីទាំងពីរគ្រួសារខាងលេីនេះ រួមជាមួយនឹងអណ្តូងទឹកស្អាត ដែលផ្តល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលអាចផ្តល់លទ្ធភាពដល់ក្រុមគ្រួសារទាំងពីរអាចកសាងជិវិតថ្មីរស់នៅលេីទឹកថ្មី ដោយមិនចាំបាច់ធ្វេីចំណាកស្រុកដូចមុនទៀតឡេីយ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ និងតំណាងឱ្យគ្រួសារចំនួន២ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ផ្ទះចំនួន២ខ្នង ជូនជនរងគ្រោះដែលត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងនាពេលនេះ។

បើតាមលោកអភិបាលខេត្ត បានឱ្យដឹងថា សម្រាប់គ្រួសារទាំង២ ដែលទទួលបានផ្ទះថ្មីនាពេលនេះ គឺមានគ្រួសារ១ ជាគ្រួសារគថ្លង់ និងគ្រួសារមួយទៀត ជាគ្រួសារចាស់ជរា ព្រមទាំងមានកូនច្រើននៅក្នុងបន្ទុក។

លោក ស៊ុន សុវណ្ណារិទ្ធ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តលោកនឹងធ្វើឱ្យផ្ទះថ្មីទាំង២គ្រួសារនេះ ក្លាយជាផ្ទះគំរូមួយ មានន័យថា គឺរៀបចំចាប់តាំងពីរបងឱ្យមានស្តង់ដា ដោយដកចេញពីផ្លូវ៧.៥ម៉ែត្រ ដោយដាំដើមក្ងោកលំអរផ្លូវ ដោយយកផ្លូវជុំវិញតំបន់នេះធ្វើជាគំរូ ព្រមទាំងកែប្រែផ្ទះទាំង២ខ្នងនេះ ឱ្យមានសួនបន្លែ និងចិញ្ចឹមសត្វ។

លោកស្រី ប៉ែន សារឿន អាយុ៥០ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ុ សាប អាយុ ៥៥ឆ្នាំ មានកូន៦នាក់ នៅក្នុងបន្ទុក បានថ្លែងយ៉ាងរំភើបរីករាយក្រោយទទួលបានផ្ទះថ្មីពីកាកបាទក្រហមកម្ពុជា ថា ពួកគាត់ព្រមទាំងកូន សូមគោរពថ្លែងអំណរព្រះគុណសម្តេចម៉ែ និងអរគុណសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

ជាមួយគ្នានេះគ្រួសារទាំង២ ដែលបានទទួលអំណោយជាផ្ទះថ្មីនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះទាំងអស់ គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក ត្រូវបានផ្តល់ជូនគ្រួសារទី១ ឈ្មោះ ប៉ែន សារឿន អាយុ៥០ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ុ សាប អាយុ៥៥ឆ្នាំ មានកូន ៦នាក់ក្នុងបន្ទុក និងគ្រួសារទី២ ឈ្មោះ យន សំអាត អាយុ ២៥ឆ្នាំ (ជាមនុស្សគ-ថ្លង់) និងប្រពន្ធឈ្មោះ ពន អាយុ១៨ឆ្នាំ។

ជាមួយគ្នានេះ អំណោយផ្តល់ជូនម្ចាស់ផ្ទះនីមួយៗរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, អំបិល ៥គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកភេសជ្ជៈ ៥កេស, សម្ភារចានឆ្នាំង ១ឈុត, ឃីត (សារុង ក្រមា មុង ភួយ) ២កញ្ចប់, អាវយឺត ១០, កន្ទេល ២, ម៉ាស់ ៥ប្រអប់, ជែល ៤ដប និងថវិកា ៥០ម៉ឺនរៀល។

ដោយឡែកចាស់ៗចំនួន ២២គ្រួសារ ដែលចូលរួមក្នុងកម្មវិធីនេះ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, អំបិល ១គីឡូក្រាម, ទឹកស៊ីអ៉ីវ ១យួរ, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, ម៉ាស់ ១ប្រអប់, ជែល ១ដប និងថវិកា ៥ម៉ឺនរៀល៕