(ស្ទឹងត្រែង)៖ នៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន២១៤គ្រួសារ មកពី២ឃុំ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមអមដំណើរដោយ លោកអភិបាលស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២១៤គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែងនាពេលនេះ គឺភាគច្រើនជាស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកក្នុងឃុំចំនួន២គឺ ឃុំ ស្រែសំបូរ និងឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង។ ក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារ ទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។

លោក ម៉ុម សារឿន បានផ្តាំផ្ញើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និង គោរពឲ្យបាននូវវិធានការសុខាភិបាល «៣ ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវជំងឺកូវីដ១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង ក៏ដូចជាខេត្តស្ទឹងត្រែងកំពុងតែរងគ្រោះ នូវជំងឺនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលការចាប់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ទាំងមូល និងបន្តការខិតខំ បង្កបង្កើន ផលដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណ្ឌរដូវរស្សា ក៏បានដល់ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ក្នុងប្រទេសកម្ពុជាផងដែរ៕