(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ទ្រង់បានបង្ហាញព្រះភ័ក្ត្រ ជាលើកដំបូងតាមប្រព័ន្ធវីដេអូ ដើម្បីជួបសំណេះសំណាលជាមួយថ្នាក់គណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់តាំងពីព្រះអង្គយាងទៅកាន់ប្រទេសបារាំង។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នេះជាការបង្ហាញព្រះភ័ក្ត្រទ្រង់ជាលើកដំបូងបន្ទាប់ពីព្រះអង្គបាត់ព្រះភ័ក្ត្រមួយរយៈពេល ក្រោយទ្រង់យាងទៅព្រះព្យាបាលព្រះរោគ នៅប្រទេសបារាំង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុកក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

សូមជម្រាបថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំ និងបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព ខណៈអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ ចំណែកសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាល នៅក្រៅប្រទេសរហូតមក។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ បានបែកបាក់ជាបន្តបន្ទាប់ បណ្តាលឱ្យមានការចុះខ្សោយយ៉ាងខ្លាំងមកដល់ពេលបច្ចុប្បន្ននេះ៕