(បន្ទាយមានជ័យ)៖ ជាមួយនឹងការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យនោះ កងទ័ពជាកម្លាំងសង្គ្រោះត្រូវបានបញ្ជូនចុះទៅដល់តំបន់ជន់លិច ហើយបាននិងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងរៀបចំបោះតង់សម្រាប់ពួកគេស្នាក់នៅបណ្តោះអាសន្ន។

នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការយោធភូមិភាគទី៥ បានចុះពិនិត្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលកំពុងបំពេញការងារសង្គ្រោះនេះ។

លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា ស្ថានភាពទឹកក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា នៅថ្ងៃនេះ កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការជួយដឹកជញ្ជូនសម្ភារ មនុស្សចាស់ និងកុមារមកកាន់ទីទួលសុវត្ថិភាពផងដែរ។ ក្នុងនោះក៏មានការរៀបចំជម្រកស្នាក់នៅបណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ កំពុងត្រៀមអន្តរាគមន៍រួចជាស្រេច ២៤ម៉ោងលើ ២៤ម៉ោង ត្រៀមជួយសង្គ្រោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕