(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានការគាំទ្រដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម (C.C.C.C) ដែលមានលោក មៀច សុផាន់ណា ជាប្រធាន បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី «ការពង្រីកអាជីវកម្មរបស់អ្នកតាមវិស័យកម្មសិទ្ធិបញ្ញា»។

សិក្ខាសាលានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមជាគណៈអធិបតីពី លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិកាជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និង លោក Petter Willimott មន្រ្តីទទួលបន្ទុកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ប្រចាំនៅប្រទេសសឹង្ហបុរី, លោក ឡៅ រាសី ជាវាគ្មិន រួមទាំងអ្នកចូលរួមចំនួន ៣៧៥នាក់ ដែលមកពីគ្រប់ភាគីពាក់ព័ន្ធដូចជា អាជីវករ មន្រ្តីក្រសួង-ស្ថាប័ន អ្នកច្បាប់ និងធុរជន៕