(ភ្នំពេញ)៖ សិស្សានុសិស្សប្រមាណជា៧៨,០០០នាក់ នៅតាមសាលាបឋមសិក្សាប្រមាណ២៦០ សាលាទូទាំងកម្ពុជា កំពុងចូលរួមយុទ្ធនាការលើកកម្ពស់សុខភាពមាត់ធ្មេញ ដោយសង្កត់ធ្ងន់លើការដុសធ្មេញមួយថ្ងៃពីរដង ដើម្បីការពារពីដង្កូវស៊ីធ្មេញ និងលើកកម្ពស់សុខភាពរាងកាយ។
យុទ្ធនាការចុះអប់រំសុខភាពមាត់ធ្មេញដល់កុមារតាមសាលាបឋមសិក្សា តាមបណ្ដាខេត្ត-ក្រុងចំនួន១៥ ទូទាំងប្រទេសនេះ ត្រូវបានរៀបចំឡើងដោយថ្នាំដុសធ្មេញស៊ីកណល របស់ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត សមាគមទន្តពេទ្យកម្ពុជា រួមជាមួយសហព័ទ្ធទន្តពេទ្យពិភពលោក (FDI World Dental Federation) និងព្រមទាំងមានការគាំទ្រពីក្រសួងសុខាភិបាល ហើយយុទ្ធនាការនេះ ជាផ្នែកមួយនៃការប្រារព្ធទិវាសុខភាព មាត់ធ្មេញពិភពលោកដែលបាន និងកំពុងអនុវត្តចាប់ពីខែមករា ដល់ចុងខែមេសា។
លោកស្រី សំ សុជាតា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនយូនីលីវើបានថ្លែងថា «តាមការស្រាវជ្រាវនាយកដ្ឋាន ការពារសុខភាពកម្ពុជាបានបង្ហាញថា នៅកម្ពុជា ក្នុងចំណោមកុមារ១០នាក់ មាន៩នាក់ហើយដែលមានបញ្ហាដង្កូវស៊ីធ្មេញ។ នេះក៏ដោយសារតែពួកគាត់ចូលចិត្តទទួលទានអាហារ ដែលមានជាតិផ្អែម ហើយធ្វើការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវ»។
អ្នកស្រីបន្តថា កត្តាដែលនាំឲ្យមានបញ្ហាមាត់ធ្មេញ ពិសេសដង្កូវស៊ីធ្មេញនោះ គឺដោយសារតែ ការមិនបានសម្អាតឲ្យបានត្រឹមត្រូវនូវកាកសំណល់ នៅក្នុងមាត់ធ្មេញ បន្ទាប់ពីបរិភោគអាហាររួច ជាពិសេសអាហារដែលមានជាតិផ្អែម និងការប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានជាតិហ្វ្លុយអ័ររ៉ៃ មិនគ្រប់គ្រាន់តាមស្តង់ដារ។
គួរបញ្ជាក់ថា ទន្តពេទ្យនានាបានលើកឡើងថា ការដុសធ្មេញក្រោយពេលអាហារ ឬទម្លាប់ដុសធ្មេញឲ្យបាន ២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់មុនពេលចូលគេង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពតែមួយគត់ ដើម្បីកាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញ ឲ្យនៅកម្រិតទាបបំផុត៕