(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ចរន្តទឹកហូរដែលរងការកកស្ទះដោយសារសំរាម បណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀង លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តី និងសហការជាមួយមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យនិងស្តារប្រព័ន្ធលូ ដែលកកស្ទះដោយសារសំរាម និងកាកសំណល់ការដ្ឋានសំណង់បុរី ដែលធ្វើឱ្យជន់លិចផ្លូវបេតុង តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំបន់នេះកំពុងរៀបចំដាក់ប្រព័ន្ធលូថ្មីដែលមានមុខកាត់ ១.៥ម៉ែត្រ ចំនួន០២ខ្សែ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលលិចផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋ ហើយធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវមួយនេះផងដែរ៕