(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការរុះរើគណៈរដ្ឋមន្រ្តី ធ្វើឡើងដោយទៅលើភាពចាំបាច់ចំនួន៥។ ការថ្លែងរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ។
នៅចំពោះមុខសម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួមនិងសមាជិក សមាជិការដ្ឋសភាជាង ១០០រូបផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពចាំបាច់ទាំង៥ ដែលនាំឲ្យមានការរុះរើសមាជិករាជរដ្ឋាភិបាលនេះរួមមាន៖
១. ភាពចាំបាច់ក្នុងការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិក មួយចំនួន នៃរាជរដ្ឋាភិបាលស្រមតាមសំណូមពររបស់សាមីឥស្សរជន។
២. ភាពចាំបាច់ក្នុងការផ្តល់មុខងារ និង ភារកិច្ចបន្ថែម ដល់សមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល។
៣. ភាពចាំបាច់ នៃការកែសម្រួល និងប្តូរសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសម និងបទពិសោធន៍ការងាររបស់សាមីឥស្សរជននីមួយៗ។
៤. ភាពចាំបាច់ក្នុងការប្រមូលរក្សា និង ប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពនូវធនធានបញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំនៅក្នុងជួររដ្ឋបាលសាធារណៈ ហើយនិងមានសុខភាពល្អមាំមួន ដែលអាចបន្តជួយការងាររាជរដ្ឋាភិបាលបាន។
៥. ភាពចាំបាច់ក្នុងការប្រគល់តំណែង និងភារកិច្ចនៅក្នុងជួររាជរដ្ឋាភិបាល ដែលមន្រ្តីវ័យក្មេងមួយចំនួន ដែលមានសមត្ថភាពខ្ពស់ និងមានគុណវឌ្ឍល្អស័ក្តិសម។
សូមបញ្ជាក់ថា សមាជិករាជរដ្ឋាភិបាល ដែលសម្តេចនាយករដ្ឋមន្រ្តីស្នើសុំផ្លាស់ប្តូរនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្ររួចហើយនៅ ព្រឹកថ្ងៃទី០៤ ខែមេសា នេះ ដោយសំឡេងគាំទ្រ ៧០សំឡេង ក្នុងនោះក៏មានការគាំទ្រពីតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ផងដែរ។
សមាសភាពរដ្ឋមន្រ្តី ដែលសម្តេចតេជោសម្រេចស្នើធ្វើការផ្លាស់ប្តូរនេះរួមមាន៖
- លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍
- លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ
- លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន
- លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ
- លោក ត្រាំ អ៉ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
- លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆៃម
- លោក ប៉ាន សូរស័ក្តិ ត្រូវបានតម្លើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទៅលើលោក វេង សាខុន
ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការ៕