(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃកំពុងជន់លិច នៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឈរជើងនៅខេត្តជាប់ព្រំដែនថៃមួយ ដើម្បីជួយអន្តរាគមន៍លើការជម្លៀសប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេង។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើដំណើរចុះទៅកាន់តំបន់ដែលរងការជន់លិច និងពិនិត្យកន្លែងប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃនាពេលប៉ុន្មានថ្ងៃ បានធ្វើឱ្យមានការជន់លិចនៅតំបន់មួយចំនួននៅក្នុងស្រុកម៉ៃឡៃ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែត។ បើតាមលោកទេសរដ្ឋមន្ត្រី ការជន់លិចនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ហើយត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចរាល់ផងដែរ។ ជាមួយការជម្លៀសមកកាន់ទីទួលសុវត្ថិភាពអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ បានចាត់ចែងរៀបចំបោះតង់ និងបានចែកស្បៀងអាហារមួយចំនួនជូនពួកគាត់ផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានអះអាងថា តាមបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែននោះ រូបលោកបានទៅឈរជើងជាប់នៅក្នុងខេត្តបន្ទាយមានជ័យពីរបីថ្ងៃមកហើយ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ និងចាត់ចែងដោះស្រាយបញ្ហានានា ជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងខ្ញុំបានឈរជើងនៅទីនេះជាប់ជាប្រចាំ។ តាមអនុសាសន៍របស់សម្តេចតេជោ គឺយើងជួយសង្គ្រោះប្រជាពលរដ្ឋជាចម្បង គឺមិនត្រូវឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ដូច្នេះយើងបានជម្លៀសពួកគាត់មកទីទួលសុវត្ថិភាព ហើយយើងចាត់ចែងកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពួកគាត់ និងបានផ្តល់ជាស្បៀងអាហារជូនពួកគាត់ផងដែរ»។
មកដល់ព្រឹកថ្ងៃនេះការជន់លិចនៅក្នុងខេត្តបន្ទាយមានជ័យមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរដូចកាលពីឆ្នាំ២០២០នៅឡើយនោះទេ។ តែទោះជាយ៉ាងណាដើម្បីធានាដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ចែងកម្លាំងសង្គ្រោះ ជាពិសេសកងទ័ពមកពីអង្គភាពនានាដែលបានហ្វឹកហាត់ពីការសង្គ្រោះហើយនោះ ត្រូវបានយកទៅប្រមូលផ្តុំកម្លាំងនៅក្នុងខេត្តបន្ទាយមានជ័យរួចរាល់ហើយ ដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះពលរដ្ឋក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ៕