(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យទាំងអស់។
ក្តីសង្ឃឹមរបស់ប្រមុខការទូតកម្ពុជា បង្ហាញឡើងក្រោយពីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក បានប្រជុំបីដងហើយនៅឆ្នាំនេះ ដោយសបញ្ជាក់ឱ្យឃើញពីឆន្ទៈរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ខ្ញុំក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែលបានផ្តល់ជំនួយជាវ៉ាក់សាំង Johnson & Johnson ចំនួនមួយលានដូសដល់កម្ពុជា ហើយខ្ញុំក៏សង្ឃឹមថាភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យ»។
បើតាមក្រសួងការបរទេសកម្ពុជា, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏មានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម៕