(ភ្នំពេញ)៖ លោក សំ ព្រហ្មនា ត្រូវបានរដ្ឋសភាសម្រេចជ្រើសតាំង ធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ដោយសំឡេងគាំទ្រ ៧៣សំឡេង លើសមាជិក ១០៧រូប។
សេចក្តីសម្រេចរបស់រដ្ឋសភា បានធ្វើឡើងក្នុងកិច្ចប្រជុំក្រោមអធិបតីភាព របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ មានសមាជិកសភា ២៩រូប បានបោះឆ្នោតមិនគាំទ្រការជ្រើសតាំងលោក សំ ព្រហ្មនា និង ៥រូបទៀតអនុប្បវាទ។
ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកសភា មកពីគណបក្សសង្រ្គោះជាតិ ៤០រូបផងដែរ។
សូមបញ្ជាក់ថា លោក សំ ព្រហ្មនា ត្រូវបានជ្រើសតាំងជំនួសលោក ឯក សំអុល ដែលបានបញ្ចប់អាណត្តិកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានសមាសភាព ០៩រូប ដែលតែងតាំងដោយព្រះមហាក្សត្រ ០៣រូប ជ្រើសរើសដោយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ០៣រូប និង ០៣រូបទៀត ជ្រើសរើសដោយរដ្ឋសភា៕