(កណ្តាល)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ (ស.អ.ក.ក-CAMKAA) បានផ្តល់អំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ដល់គ្រួសារប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ការចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយឧបត្ថម្ភគ្រួសារប្រមាណ ១០០គ្រួសារ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៨០០នាក់។
ការចែកអំណោយគ្រឿងឧបភោគបរិភោគនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោក នោ ហ្យន់ជូន ប្រធានកយកានៅកម្ពុជា, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋនេះរួមមាន៖ មីមួយកេះ ត្រីខកំប៉ុង ១យួរ អង្ករ ២៥គីឡូក្រាម ស្ករត្នោត ម៉ាស់ និងទឹកលាងដៃ។ ការចែកអំណោយ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់គោលដៅ តាមរយៈកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ។
ការចែកអំណោយនេះ ធ្វើឡើងស្របតាមបេសកកម្ម របស់សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ ដើម្បីគាំទ្រសុខុមាលភាពសហគមន៍ជនបទ ដោយសង្ឃឹមថា គ្រឿងឧបភោគបរិភោគ នឹងជួយកាត់បន្ថយការលំបាករបស់គ្រួសារដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានស្ថានការណ៍ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ដំបូងសមាគមនេះមានឈ្មោះថា «ក្លឹបខ្ញុំស្រឡាញ់កូរ៉េ»។
សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ គឺជាវេទិកាមួយសម្រាប់សិក្ខាកាម ៣,២០០នាក់ ដែលពួកគាត់បានចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដើម្បីទ្រទ្រង់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ហើយសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ បានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ដោយសហការជាមួយការិយាល័យ ទីភ្នាក់ងារកយកាប្រចាំនៅកម្ពុជា។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។
កូយកាមានគោលបំណង លើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ កយកា(KOICA)បានចូលរួមក្នុងគម្រោងជាច្រើនរួមទាំង កម្មវិធីគម្រោង និង កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ(Development Experience Exchange Program-DEEP) កម្មវិធីអាហារូបករណ៍ មិត្តភក្តិកូរ៉េពិភពលោក (មានអ្នកស្ម័គ្រចិត្តនិងទីប្រឹក្សាកូរ៉េ) ជំនួយមនុស្សធម៌ និងជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយ ភាពជាដៃគូសាធារណៈនិងឯកជន (PPP) កិច្ចសហប្រតិបត្តិការពហុភាគី និងមូលនិធិទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក៕