(ភ្នំពេញ)៖ អង្គការសហប្រជាជាតិដឹកនាំដោយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងរបស់ពិភពលោកក្នុងការឆ្លើយតបនឹងភាពប្រឈមនានារបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសនីមួយៗឡើងថ្លែងបង្ហាញពីយុទ្ធសាស្ត្រ និងចក្ខុវិស័យនានា ដើម្បីធានាដល់ការរក្សានូវសន្តិសុខស្បៀង។
សម្រាប់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងថា បង្ហាញពីចក្ខុវិស័យ ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរក្សាឱ្យបាននូវសន្តិសុខស្បៀងអាហារនេះ បើទោះបីកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី។
ដើម្បីធានាដល់សន្តិស្បៀងនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកសាងនូវផែនទីបង្ហាញផ្លូវមួយស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ផែនទីបង្ហាញផ្លូវនេះ បានរៀបចំឡើងផ្អែកលើលទ្ធផលកិច្ចសន្ទនា និងការវិភាគ ហើយបានផ្សារភ្ជាប់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលមានស្រាប់។
ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូពីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវការងារអាទិភាពចំនួន៤រួមមាន៖
ទី១៖ កម្ពុជាប្ដេជ្ញាត្រឹមឆ្នាំ២០៣០ នឹងធ្វើឱ្យរបបអាហារសុខភាព មានភាពងាយស្រួលអាចរកបាន និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ទី២៖ កម្ពុជា នឹងបន្តអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារសម្រាប់យុវជន ស្ត្រីនិងជនងាយរងគ្រោះ និងផ្ដល់ទីកន្លែងសម្រាប់យុវជន ចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។
ទី៣៖ ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលបាននឹងកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ កម្ពុជា នឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធពង្រឹងបណ្តាញការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា។
ទី៤៖ កម្ពុជានឹងបន្តរៀបចំកិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀង កាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច។ល។
នាឱកាសថ្លែងសេចក្តីថ្លែងការណ៍នេះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ក្នុងអង្គប្រជុំដែរថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីឱ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំ និងមានចីរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបញ្ជាក់ទៀតថា ដោយប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ប្រព័ន្ធស្បៀង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លុបបំបាត់គ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ និងកាត់បន្ថយភាពក្រីក្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕