(រតនគិរី)៖ ក្រុមអាជីវករបានផ្ទុះការតវ៉ា ស្នើសុំឱ្យមានការជួយអន្តរាគមន៍ពីរដ្ឋបាលខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុន ហេង ដារ៉ា វិនិយោគផ្សារបានលុង បានរុះរើកន្លែងលក់ដូររបស់ពួកគាត់ ដើម្បីរៀបចំជាតូបថ្មី ដោយសន្យារក្សាភាពដើមជូនពួកគាត់វិញ ពោលគឺលក់នៅកន្លែងណាឲ្យលក់នៅកន្លែងនោះវិញ តែមិនបានធ្វើតាមសន្យាឡើយ ដោយផ្តល់កន្លែងលក់សម្រាប់ពួកគាត់តូច ហើយត្រូវឱ្យធ្វើការចាប់ឆ្នោតដើម្បីរើសទីតាំងថ្មីវិញ។
បើយោងតាមការឲ្យដឹងពីអាជីវករ ដែលបានតវ៉ាមុខសាលាខេត្ត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ពួកគាត់ចង់ស្នើសុំឲ្យអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ ចំពោះការសន្យារបស់គណៈកម្មការផ្សារ មុនចុះរុះរើរៀបចំសង់ជាតូបបានសន្យាថា នឹងរក្សាកន្លែងដែលពួកគាត់លក់ឲ្យនៅដដែល គឺអ្នកណាលក់កន្លែងណាឲ្យនៅលក់ កន្លែងនោះ តែផ្ទុយទៅវិញឲ្យពួកគាត់ចាប់ឆ្នោតយកកន្លែងលក់ទៅវិញ ហើយចំណុចមួយទៀត ដែលពួកគាត់មិនសុខចិត្ត គឺកន្លែងលក់ក្នុងមួយតូប ទំហំតែ ១.២ម៉ែត្រតែប៉ុណ្ណោះ ហើយទំហំនេះគាត់លក់ដូរមិនកើតទេ យ៉ាងហោចណាស់មួយតូបឲ្យបាន២ម៉ែត្រទើបសមរម្យអាចលក់បាន។
ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ជួន សុផល តំណាងក្រុមហ៊ុនវិនិយោគផ្សារបានលុង បានឱ្យដឹងដែរថា កាលដែលលោកឲ្យគេរុះរើរៀបចំជាតូបឲ្យមានសណ្ដាប់ធ្នាប់នោះ គឺកន្លែងលក់ពួកគាត់ពីមុនបាំងតង់ និងឆ័ត្រមិនមានសណ្ដាប់ធ្នាប់ទេ។ ពេលនេះលោករៀបចំមានដំបូលត្រឹមត្រូវ ចែកចេញជាតូបដែលមានទទឹង ១.២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។
លោកបន្តថា បើតូបតូចពិបាកក្នុងការលក់ដូរ អាជីវករម្នាក់ៗមានសិទ្ធអាចយក២តូប បាន អាស្រ័យលើមុខរបរ ក៏ប៉ុន្តែក្នុងសៀវភៅបន្ទុកឈ្នួលតូបលក់ចម្រុះតម្លៃ ១០០ដុល្លារក្នុង១ឆ្នាំ, តូបលក់ត្រីសាច់តម្លៃ៩០ដុល្លារក្នុង១ឆ្នាំ, តូបលក់បន្លែតម្លៃ៨០ដុល្លារ ក្នុង១ឆ្នាំ (តូបមានទទឹង១.២ម៉ែត្រនិងបណ្តោយ៣ម៉ែត្រ)។ ម្យ៉ាងវិញទៀតបើនិយាយពីអ្នកលក់កន្លែងណា ត្រូវលក់កន្លែងនោះវិញមិនអាចបានទេគឺត្រូវធ្វើការចាប់ឆ្នោតមានភាពយុត្តិធម៍ស្មើភាពគ្នា។
លោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តរតនគិរី បានបញ្ជាក់ដែរថា ទាក់ទងនឹងការ តវ៉ាថារឿងរ៉ាវខាងលើនេះ លោកនឹងជ្រើសរើសតំណាង ៣នាក់ ដោយមានលិខិត លាយលក្ខណ៍អក្សរបញ្ជាក់ស្នាមមេដៃ ដាក់មករដ្ឋបាលខេត្តដើម្បីរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន វិនិយោគផ្សារ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ដើម្បីរកដំណោះស្រាយជូន ឲ្យទទួលយកបានទាំងអស់គ្នាដោយតម្លាភាព៕