(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិកអន្ត្រៃយ៍ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ រួមសហការជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក គឺលោកស្រី ផល ចំរើន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាឆាន់របស់វត្តបឹងត្រាង តម្លៃជាង១៨មឺុនដុល្លារ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ ជាច្រើនរយនាក់ ដែលពោពេញដោយក្តីសប្បាយរីករាយ ជាពិសេសបង្កភាពស្និតស្នាលយ៉ាងខ្លាំង របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតំបន់នោះ។
លោក អាត់ ខែម បានថ្លែងថា សាលាឆាន់មួយនេះ ត្រូវបានសាងសង់ក្រោមការជួយឧបត្ថម្ភពីប្រជាពលរដ្ឋខ្មែរ នៅអាមេរិក គឺលោកស្រី ផល ចំរើន ព្រមទាំងសាច់ញាតិ និងញាតិមិត្តជាច្រើននាក់ និងសប្បុរសជនប្រជាពលរដ្ឋ នៅក្នុងស្រុកក៏បានចូលរួមវិភាគទាន ដើម្បីកសាងសាលាឆាន់នេះផងដែរ។
ជាមួយគ្នានេះ នៅក្នុងឱកាសនោះ លោក អាត់ ខែម បាននាំយកមួកសុវត្ថិភាពជាអំណោយ របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជាង៥០០មួក យកទៅចែកជូនប្រជាពលរដ្ឋ សិស្សសាលានៅទីនោះផងដែរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ។
លោក អាត់ ខែម បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រហូតយើងមានថ្ងៃនេះ ហើយកសាង សម្ពោធដាក់ឲ្យប្រើប្រាស់យ៉ាងច្រើនសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្រាប់ខេត្តបន្ទាយមានជ័យវិញ ក្រោមការដឹកនាំលោក កែវ គឹមយ៉ាន គឺប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ពោលផ្ទះរបស់ពួកគាត់ បានកែប្រែពីផ្ទះប្រកស្បូវ ទៅជាដំបូលប្រកស័ង្កសី៕